មួរ សុខហួរ សរសេរលិខិតទៅតំណាងប្រទេសអូស្ត្រាលីប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធការបង្ក្រាបបង្ហូរឈាមពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តក្រចេះ

0
303

អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានចេញមុខអំពាវនាវទៅដល់តំណាងប្រទេសអូស្រ្តាលីដែលប្រចាំការនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ធ្វើការថ្កោលទោសជាសាធារណៈលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្រ្កាបបង្ហូរឈាមលើពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តក្រចេះ ។

នៅក្នុងលិខិតរបស់លោកស្រី មួរ សុខហួរ ចុះនៅថ្ងៃទី១០ ខែមីនា លោកស្រីបានលើកឡើងអោយដឹងថា ករណី​អំពើ​ហិង្សា និង​បាញ់រះ​មក​លើ ពលរដ្ឋ​ដែល​ជា​កសិករ​ស្លូតត្រង់ មាន​ជម្លោះដីធ្លី​នៅ​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​ព្យាយាម​ការពារ​ដីធ្លី​របស់​ពួកគាត់ ពី​ការ​រឹបអូស យក​ដោយ​ខុសច្បាប់​ពី​សំណាក់​អាជ្ញាធរ​នេះ គឺជា​ឧទាហរណ៍ ចុងក្រោយ​បំផុត​មួយ​នៃ​ចំណាត់ការ​ប្រកបដោយ​ហិង្សា និង​ពុំ​សមស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ពី​សំណាក់​របប​លោក ហ៊ុន សែន បច្ចុប្បន្ន ដែល​បាន​ជាន់​ឈ្លី​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ។

កាលពីថ្ងៃទី៨ មីនា មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ ជម្លោះនេះ បានឈានរហូតដល់ការនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ បំបែកការតវ៉ានិងការប្រមូលផ្ដុំបិទផ្លូវជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ ។

ក្រោយផ្ទុះជម្លោះនេះ កាសែតក្នុងស្រុកបានធ្វើការចុះផ្សាយថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកឯវិទ្យុអាស៊ីសេរីវិញផ្សាយដោយស្រង់សម្ដីពលរដ្ឋថា មានអ្នកស្លាប់កើន ដល់៨នាក់ឯណោះ  ។

ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានបដិសេធដោយ លោក គង់ គឹមនី ដែលជាអភិបាលស្រុក ។ លោកថា ករណីនេះ គឺ មិនពិតទាល់សោះ កុំថា ដល់ស្លាប់៦នាក់ សូម្បីតែស្លាប់ម្នាក់ ក៏គ្មានដែរ ហើយរបួសជាង៤០នាក់ ក៏មិនពិតដែរ ​។  លើសពីនេះលោក គង់ គឹមនី បញ្ជាក់ថា នៅក្នុងហេតុការណ៍ប៉ះទង្កិះគ្នាមួយប្រាវនេះ ប​ណ្ដា​លឲ្យ​កម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួស ភាគីពលរដ្ឋ២នាក់រងរបួស និងពលរដ្ឋ៧នាក់ផ្សេងទៀ​ត ត្រូ​វបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ ។

បើតាមលោកស្រី មួរ សុខហួរ អះអាងតាមរយៈលិខិតថា អាជ្ញាធរបានបង្ខំឲ្យអ្នកភូមិជិត ២០០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ចេញពីដីធ្លី និងលំនៅឋាន ដែលពួកគេធ្លាប់បានកាន់កាប់ ដោយសារតែរបបលោក ហ៊ុន សែន បានផ្ដល់ដីនៅតំបន់នោះធ្វើជាដីសម្បទានសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍចម្ការកៅស៊ូ ដែលអ្នកស្រីថា មានជាប់ពាក់ព័ន្ធនឹងកូនស្រី របស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។

លោកស្រី មួរ សុខហួរ ក្រោយពេលដែលមានការបង្រ្កាបហិង្សាបង្ហូរឈាមពលរដ្ឋកាលពីថ្ងៃទី៨ មីនា នោះ ក៏ធ្លាប់បានផ្ញើលិខិតមួយទៅកាន់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការ​ស​ហប្រ​ជាជាតិបើកការស៊ើបអង្កេតលើរឿងនេះដែរ ។  ចំណែកឯលោកស្រី រ៉ូណា ស្មីត ក៏បាន ក៏បានស្នើ​ឲ្យមានកាស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីនេះ ហើយអ្នកស្រីក្រើន រម្លឹករបបលោក ហ៊ុន សែ​​ន ឲ្យគោរពសិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព អាចកើ​​តឡើងទៅបាន ដោយមិនអាចខ្វះការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាននេះបានឡើយ ។

ប៉ុន្តែក្រោយមក នៅលើបណ្តាញសង្គម Twitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានសេរសេរអះអាងថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា មិនអាចចូលទៅបាន ៖ «យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យាយាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ​ »។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ អាមេរិកកាំង លោក ទូច វិបុល បានអះអាងថា លោកកបានដាក់បញ្ជូលចំពោះករណីនៃការបង្រ្កាបប្រជាពលរដ្ឋនៅខេត្តក្រចេះពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន អោយទៅមេធាវីរួចរាល់អស់ហើយ ដើម្បីដាក់បញ្ចូលក្នុងបណ្ដឹងទៅ ICC ។

ការប្រកាសរបស់លោក ទូច វិបុល អោយដឹងយ៉ាងដូច្នេះ គឺធ្វើឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីតបទៅនឹងវីដេអូបង្ហោះផ្ទាល់មួយ របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាទាក់ទងនឹងហេតុការណ៍បាញ់ប្រហារខាងលើ ៖« ខ្ញុំករុណាបានបញ្ជូនឧប្បត្តិហេតុនេះ ទៅឲ្យមេធាវីការពារសិទ្ធិមនុស្ស លោក “Richard Rogers” ដើម្បីបញ្ជូន[ឡើង]ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា “ICC”» ។

ស្ថាបនិកកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត  ប៊ុនតិញ បានចាត់ទុកថា នេះគឺជាដើមទុនរបស់ត្រកូលហ៊ុន ដែលយកប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើជាជំនួញដើមទុនក្នុងការ រកស៊ីមានបានសម្រាប់ជីវិតរបស់ពួកគេ ។

ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់អោយដឹងថា តាមរយៈសកម្មភាពថ្មីៗទាំងឡាយដែលបាន កើតឡើងលើប្រជាពលរដ្ឋខ្មែរបណ្ដាលអោយកើតមានការឈឺចាប់ផ្សេងៗធ្លាក់ទៅលើប្រជាពលរដ្ឋខ្មែរដែលគ្មានអំណាចនោះ គឺកើតឡើងចេញពីត្រកូលហ៊ុន នេះ តែម្ដង ។ អ្វីៗទាំងអស់នេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានអំពាវនាវថា ប្រជាពលរដ្ឋខ្មែរ មិនគួរណា នៅតែបន្តអនុញ្ញាតអោយគេធ្វើបាបទៀត នោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here