អ៊ិត សំហេង ប្ដេជ្ញាដោះស្រាយប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជូនកម្មករ ដែលថៅកែរត់ចោលឲ្យឆាប់រហ័ស

0
175

លោក អ៉ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានបង្ហាញការប្ដេជ្ញាចិត្តថា លោកនឹងដោះស្រាយបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនីអោយបានឆាប់រហ័ស ទាំងប្រាក់ឈ្នួល និងបញ្ហាផ្សេងៗជាច្រើនទៀតដែលកម្មករជួបប្រទះ នៅពេលណាដែលថៅកែរោងចក្ររត់ចោល ។

បើតាមលោក អ៊ិត សំហេង បានអះអាងថា លោកដែលជារដ្ឋមន្រ្តីក្រសួងការងារ និងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាពន្លឿនការទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានា ជូនកម្មករនិយោជិតដែលថៅកែរត់ចោលរោងចក្រ ឲ្យបានឆាប់រហ័ស និងច្បាស់លាស់។

លោក អ៊ិត សំហេង បញ្ជាក់បែបនេះ ៖ « ក្រុមការងារនៃក្រសួងការងារកំពុងចុះទៅតាមរោងចក្រទាំង៩ ដែលត្រូវបានថៅកែរត់ចោល និងបិទទ្វារ ដើម្បីរៀបចំផ្ទៀងផ្ទាត់ឡើងវិញប្រាក់អត្ថប្រយោជន៍នានា ដែលបងប្អូនត្រូវទទួលបាន ហើយនឹងពិនិត្យមើលលទ្ធភាពនៃការរឹបយកសម្ភារៈ ឬមួយក៏ទ្រព្យសម្បត្តិដែលថៅកែបោះបង់ចោល ហើយនៅសេសសល់ តើអាចទូទាត់សងថវិកាទៅរដ្ឋវិញយ៉ាងម៉េច»។

ការថ្លែងលើកឡើងរបស់លោក អ៊ិត សំហេង អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ នៅក្រសួងការងារ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

លោក​ អ៊ិត សំហេង បញ្ជាក់ទៀតថា ការងាររបស់លោកនេះ គឺធ្វើឡើងតាមអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្ថែមពីលើអនុសាសន៍ទាំង៨ផ្សេងទៀត ក្នុងឱកាសដែលបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

 

LEAVE A REPLY

Please enter your comment!
Please enter your name here