ស ខេង ថា ទើបទទួលបានព័ត៌មានបឋម ស្ដីពីការបង្រ្កាបបង្ហូរឈាមរឿងតវ៉ាដីធ្លីនៅខេត្តក្រចេះ

0
993

ក្រោយសំនួរចំៗពីសំណាក់មន្រ្តីរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត លោក ស ខេង បានអោយដឹងថា លោកបានទទួលរបាយការណ៍ព័ត៌មានបឋមហើយពីសំណាក់មន្រ្តីក្រោមឱវាទរបស់លោកទាក់ទងនឹងជម្លោះដីធ្លីឈានដល់ការបង្រ្កាបហិង្សានៅខេត្តក្រចេះកាលពីប៉ុន្មានថ្ងៃមុននេះ ។

លោក ស ខេង បានបញ្ជាក់អោយដឹងទៀតថា ក្រោយពេលទទួលបានព័ត៌មាននេះហើយ លោកបាន បញ្ជាមន្រ្តីក្រោមឱវាទ ដែលក្នុងនោះមានទាំង ក្រុម​ពី​ក្រសួង​មហា​ផ្ទៃមាន​ទាំង​ខាង​នគរ​បាល​ មាន​ទាំ​ង​អធិការ​កិច្ច ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើត​ឡើង​នៅ​ក្រចេះ​នេះ ។ ប៉ុន្តែលោ កថា​ នៅពុំទាន់ទទួលបានព័ត៌មានអ្វីបន្ថែមឡើយ ហើយបើមាន លោកនឹងជម្រាបជូនមហាជនអោយ បានដឹងនៅពេលក្រោយ ។ នេះបើយោងតាមប្រធាន​នាយក​ដ្ឋាន​​ទំនាក់​ទំនងអន្តរជាតិរបស់​ក្រសួង​មហា​ផ្ទៃ លោក ផាត សុផានិត បានប្រាប់អ្នកសារព័ត៌មានអោយដឹង ក្រោយជំនួបរវាងលោក ស ខេង ជាមួយនឹងអ្នកស្រី រ៉ូណា ស្មីត ។

លោក ផាត សុផានិត អោយដឹងបែបនេះ ៖ « សម្តេច​ថា នៅពេល​នេះ​សម្តេច​ បាន​ទទួល​ព័ត៌មាន​បឋម​មួយ​ចំនួន​ដែរ។ តែ​សម្តេច ​បាន​ចាត់​ក្រុម​ពី​ក្រសួង​មហា​ផ្ទៃមាន​ទាំង​ខាង​នគរ​បាល​ មាន​ទាំង​អធិការ​កិច្ច ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើត​ឡើង​នៅ​ក្រចេះ​នេះ។ ហើយ​រហួត​មក​ទល់​ពេល​នេះ សម្តេច ​ក៏​ពុំ​ទាន់​បាន​របាយការណ៍​អ្វី​បន្ថែម​ ពី​ក្រុម​ការ​ងារ​នេះ​ដែរ។ ពេល​ដែល​បាន​ទទួល​យ៉ាងណាៗ​ នោះ​សម្តេច​នឹង​ធ្វើ​ការ​បន្ត​ទៀត​នៅពេល​ដែល​ទទួល​បាន​លទ្ធផល ​» ។

កាលពីថ្ងៃទី៨ មីនា មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ជម្លោះនេះ បានឈានរហូតដល់ការនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ បំបែកការតវ៉ានិងការប្រមូលផ្ដុំបិទផ្លូវជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ ។

ក្រោយផ្ទុះជម្លោះនេះ កាសែតក្នុងស្រុកបានធ្វើការចុះផ្សាយថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកឯវិទ្យុអាស៊ីសេរីវិញផ្សាយដោយស្រង់សម្ដីពលរដ្ឋថា មានអ្នកស្លាប់កើន ដល់៨នាក់ឯណោះ  ។

ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានបដិសេធដោយ លោក គង់ គឹមនី ដែលជាអភិបាលស្រុក ។ លោកថា ករណីនេះ គឺ មិនពិតទាល់សោះ កុំថា ដល់ស្លាប់៦នាក់ សូម្បីតែស្លាប់ម្នាក់ ក៏គ្មានដែរ ហើយរបួសជាង៤០នាក់ ក៏មិនពិតដែរ ។  លើសពីនេះលោក គង់ គឹមនី បញ្ជាក់ថា នៅក្នុងហេតុការណ៍ប៉ះទង្កិះគ្នាមួយប្រាវនេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួសភាគីពលរដ្ឋ២នាក់រងរបួស និងពលរដ្ឋ៧នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ ។

បើតាមលោកស្រី មួរ សុខហួរ អះអាងតាមរយៈលិខិតដែលបានសរសេរទៅតំណាងប្រទេសអូស្រ្តាលីប្រចាំការនៅអង្គការសហប្រជាជាតិថា អាជ្ញាធរបានបង្ខំឲ្យអ្នកភូមិជិត ២០០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ចេញពីដីធ្លី និងលំនៅឋាន ដែលពួកគេធ្លាប់បានកាន់កាប់ ដោយសារតែរបបលោក ហ៊ុន សែន បានផ្ដល់ដីនៅតំបន់នោះធ្វើជាដីសម្បទានសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍចម្ការកៅស៊ូ ដែលអ្នកស្រីថា មានជាប់ពាក់ព័ន្ធនឹងកូនស្រី របស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។

លោកស្រី មួរ សុខហួរ ក្រោយពេលដែលមានការបង្រ្កាបហិង្សាបង្ហូរឈាមពលរដ្ឋកាលពីថ្ងៃទី៨ មីនា នោះ ក៏ធ្លាប់បានផ្ញើលិខិតមួយទៅកាន់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើរឿងនេះដែរ ។  ចំណែកឯលោកស្រី រ៉ូណា ស្មីត ក៏បាន ក៏បានស្នើឲ្យមានកាស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីនេះ ហើយអ្នកស្រីក្រើន រម្លឹករបបលោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព អាចកើតឡើងទៅបាន ដោយមិនអាចខ្វះការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាននេះបានឡើយ ។

ប៉ុន្តែក្រោយមក នៅលើបណ្តាញសង្គម Twitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានសេរសេរអះអាងថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថាមិនអាចចូលទៅបាន ៖ «យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យាយាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ »។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ អាមេរិកកាំង លោក ទូច វិបុល បានអះអាងថា លោកកបានដាក់បញ្ជូលចំពោះករណីនៃការបង្រ្កាបប្រជាពលរដ្ឋនៅខេត្តក្រចេះពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន អោយទៅមេធាវីរួចរាល់អស់ហើយដើម្បីដាក់បញ្ចូលក្នុងបណ្ដឹងទៅ ICC ។

ការប្រកាសរបស់លោក ទូច វិបុល អោយដឹងយ៉ាងដូច្នេះ គឺធ្វើឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីតបទៅនឹងវីដេអូបង្ហោះផ្ទាល់មួយ របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាទាក់ទងនឹងហេតុការណ៍បាញ់ប្រហារខាងលើ៖« ខ្ញុំករុណាបានបញ្ជូនឧប្បត្តិហេតុនេះ ទៅឲ្យមេធាវីការពារសិទ្ធិមនុស្ស លោក “Richard Rogers” ដើម្បីបញ្ជូន[ឡើង]ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា “ICC”» ។

ប៉ុន្តែករណីនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ ចាត់ទុកថា នេះគឺជារឿងដែលតូចតាចតែប៉ុណ្ណោះ ។

នៅក្នុងពិធីបញ្ចុះប្ញសសីមាឆ្លងព្រះវិហារនិងសម្ពោធសមិទ្ឋផលនានានៅក្នុងវត្តបឹងខ្នារ ស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា រឿងតូចតាចនេះ ត្រូវបានក្រុមដែលស្អប់គណបក្សប្រជាជនកម្ពុជាបានព្យាយាមពង្រីករឿងនេះ អោយកាន់តែធំ ក្នុងបំណងដើម្បីដណ្ដើម យកផលប្រយោជន៍តែប៉ុណ្ណោះ ។

លោក ទា បាញ់ បានបញ្ជាក់អោយដឹងយ៉ាងដូច្នេះ ៖ « រឿងតូចគេយកធ្វើជារឿងធំ ហើយវ៉ៃប្រហារមកលើគណបក្សប្រជាជនកម្ពុជា ជាមុខសញ្ញាសំខាន់របស់ពួកគេ ដើម្បីស្វែងរកការគាំទ្រ ។ ធម្មតាដើម្បីស្វែងរកការគាំទ្រខ្លួនឯង គឺត្រូវតែវាយប្រហារនិងបន្ទាបអ្នកដទៃ ទើបលើកខ្លួនឯងបាន »៕

LEAVE A REPLY

Please enter your comment!
Please enter your name here