សមត្ថកិច្ចពាក់ព័ន្ធឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យ

0
198

កាសែតមនសិការខ្មែរចុះផ្សាយថា មានប្រភពពី​សមត្ថកិច្ច​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​។

លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​ឃុ​ប​ឲ្យ​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹក​គគ្រេ​ង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអា​ត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​ឈ្មួ​ញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ កាន់​តែ​​ច្រើនឡើងៗ​។ នេះបើយោងតាមការសែតមនសិការខ្មែរ។

កាសែតនេះបន្តថា ប្រភពពី​មន្ត្រី​នៃ​ច្រក​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ដូចជា​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ​, ឧកញ៉ា សឹង សំអុល​, ឧកញ៉ា តុ​ប វី​ដា​, ឧកញ៉ា សី និង​ឈ្មួញ​មួយចំនួនទៀត​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​នេះ​យ៉ាង​គគ្រឹកគគ្រេង​។ ចំណែក​ឈ្មួញ​ឈ្មោះ គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​ឧកញ៉ា​ផង​នោះ កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

រីឯ​ឈ្មួញ​ឈ្មោះ ហ៊ត់ ប៊ុន​គីម និង​បក្ខពួក​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​នៅ​ឃុំ​ក្រញូង​សែន​ជ័យ ក្នុងខណៈដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

ករណី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​។ ដោយហេតុថា​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​នោះទេ ហើយ​ពួកគេ​កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​គឃ្លើន​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​អាវុធហត្ថ​ក្នុង​ខេត្តក្រចេះ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា បង្ក្រាប​បានតែ​ពលរដ្ឋ​ដែល​ដឹកអុស ដឹកឈើ​ជន្លង់ម្រេច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ចំណែក​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​វ៉េ​អង រថយន្ត​យី​ឌុប​ចំណុះ​រាប់សិប​តោន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក្នុង​មួយថ្ងៃៗ​រាប់រយ​គ្រឿង​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here