មន្ត្រី​បរិស្ថាន​នៅ​ស្រុក​សណ្ដាន់ បង្ក្រាប​តែ​ពលរដ្ឋ​ដឹកឈើ​តិចតួច​ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ប្រព្រឹត្ត​បទល្មើស​យ៉ាង​កំរោល​

0
100

កាសែតមនសិការខ្មែរបានចុះផ្សាយអត្ថបទមួយដោយបានអោយដឹងថា មានមន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​បង្ក្រាប​បានតែ​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​យកមក​សាងសង់​លំនៅដ្ឋាន​ឬ​ជួសជុល​លំនៅដ្ឋាន​ដោយ​គ្មាន​ការយោគយល់​ឡើយ​។

ប៉ុន្តែ​នៅពេល​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កូរ៉េ រថយន្ត​យី​ឌុប​ធំៗ ឬ​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ​បែរជា​មិនឃើញ​មន្ត្រី​បរិស្ថាន​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​មានតែ​ឃុបឃិត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​កំរោល​។

ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​អំពី​បញ្ហា​នេះ​និង​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់ អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​។

​ប្រជាពលរដ្ឋ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​ដឹកជញ្ជូន​ឈើ​បន្តិចបន្តួច​យកមក​សាងសង់​លំនៅដ្ឋាន​ឬ​ជួសជុល​លំនៅដ្ឋាន​ដោយមាន​លិខិតស្នាម​បញ្ជាក់​ដោយ​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ការបង្ក្រាប​ដែរ​។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ​បច្ចុប្បន្ន​ព្រៃ​ឡង់​នៅតែ​រង​ការបំផ្លាញ​យ៉ាង​រាលដាល ព្រោះ​មន្ត្រី​បរិស្ថាន​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​។

ជាងនេះទៅទៀត​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ លើកឡើងថា ពូកែ​ខាង​ធ្វើ​របាយការណ៍​ភូតភរ​ទៅ​លោក សាយ សំ​អាល់ រដ្ឋ​ម​ន្ត្រី្ក​ក្រសួងបរិស្ថាន ក្នុងការ​បិទបាំង​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​។

ដូច្នេះ​លោក សាយ សំ​អាល់ មិនគួរ​ជឿ​លើ​របាយការណ៍​របស់លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​លោក ប៉ែន សុធា​រ៉ាត់ ដែលជា​អនុប្រធាន​មន្ទីរ​នោះទេ ព្រោះ​របាយការណ៍​របស់​មន្ត្រី​ទាំង​២​នាក់​នេះ​មាន​លក្ខណៈ​ភូតភរ​ច្រើនជាង​ការគិត​។ នេះបើយោងតាមកាសែតមនសិការខ្មែរ ។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ការពារ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ឃុំ​ង​ន ឃុំ​មាន​រិ​ទ្ធ ឃុំ​ទំរីង ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​បរិស្ថាន គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ទេនោះ​គឺ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​សណ្ដាន់ បាន​រិះគន់ថា មន្ត្រី​បរិស្ថាន​ក្រោម​ការគ្រប់គ្រង​របស់លោក តុ​ប កក្កដា បង្ក្រាប​តែ​ពលរដ្ឋ​ដែល​ដឹកឈើ​ដឹកអុស​បន្តិចបន្តួច​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ចំណែក​ឈ្មួញ​ធំៗ​ដែល​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​មិនឃើញ​មន្ត្រី​បរិស្ថាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

អ្នក​ដឹកជញ្ជូន​ឈើ​មួយចំនួន​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​ចូល​ព្រៃ​ឡង់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន ដោយ​ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​បរិស្ថាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here