នៅកម្ពុជាអ្នកមានការងារធ្វើមានរហូតដល់ ៩៩,៣%

0
445

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងជាថ្មីម្ដងទៀតថា នៅកម្ពុជា ប្រជាពលរដ្ឋដែលមានការងារធ្វើគឺមានចំនួនរហូតដល់ទៅជិត១០០ភាគរយឯណោះ ខណៈពលរដ្ឋខ្មែររា​ប់​ម៉ឺន ចូលលាននាក់ដែលបានសម្រុកទៅធ្វើចំណាកស្រុកនៅក្រៅប្រទេស មានថៃ ម៉ាឡេស៊ី ឥណ្ឌូនេ​ស៊ី កូរ៉េ ជប៉ុន និងចិនជាដើម ។

នៅក្នុងពិធីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនកា​​រ​​​យុ​​​ទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និង        បណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០​១​៨ ​នៅ​ថ្ងៃ​ទី១២ ខែ​​​មី​នា ឆ្នាំ​២០១៨​ លោក អ៊ិត សំហេង បានអះអាងប្រាប់ថា អាត្រា​មាន​ការងារ​ធ្វើ​នៅ​​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន ៩៩,៣% ។

រដ្ឋមន្រ្តីក្រសួងការងាររូបនេះបានចាត់ទុកចំនួនដែលលោកបានធ្វើការស្រង់ស្ថិតិបាននេះថា ជាចំនួនមួយដែលល្អប្រសើរយ៉ាងខ្លាំង  ស្រប​ពេល​ដែលកម្ពុជា រក្សា​បាន​កំណើន​សេដ្ឋកិច្ច​នៅ​វង្វង់ ៧ % ជា​រៀង​រាល់​ឆ្នាំ។

បើតាមលោក អ៊ិត សំហេង ជាមួយ​នឹង​អាត្រា​មាន​ការ​ធ្វើ​ដ៏​ល្អ​នេះ រដ្ឋាភិបាលកម្ពុជា​បាន​បង្កើត​ការងារ​ថ្មី​​​​បាន​​ចំនួន ៤.៨លាននាក់ ដែល​ក្នុង​នោះ នៅ​ក្នុង​ប្រទេស​មាន​ចំនួន ៣.៦លាន មាន​កម្មករ​និយោជិត​ក្នុង​ប្រព័ន្ធ ១.៤​លាន​នាក់ និង ផ្នែក​ក្រៅ​ប្រព័ន្ធ មានប្រមាណ២.៤​លាន​នាក់ ព្រម​ទាំងនៅ​ក្រៅ​ប្រទេស​មាន​ចំនួន ១.២លាននាក់។

របាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា សរុប​មាន​ចំនួន ៥៦៩.៦៨៨ មាន​កម្មករ​ចំនួន​ជាង ២.៤លាននាក់ ដោយឡែក ក្នុងនោះ​គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៨ ​នេះ សហគ្រាស​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​២២.០៦៧ មាន​កម្មករ​និយោជិត​ចំនួន​ ១៨៧.៩០៩នាក់ បាន​ចុះ​បញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here