លោក ហ៊ុន សែន បញ្ជាក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃស៊ើបអង្កេតលើករណីលោក សម រង្ស៊ី ចុះហត្ថលេខាកាត់ខេត្ត៤អោយយួន

0
717

ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំ​ង​ពាក់ព័ន្ធជាមួយនឹងព័ត៌មាននៃការចុះហត្ថលេខាកាត់ទឹកដីអស់ខេត្តចំនួន៤ទៅអោយជនជាតិវៀតណាម ពីសំណាក់លោក សម រង្ស៊ី  ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់អោយដឹងថា នេះគឺជារឿងមួយដែលធ្ងន់ធ្ងរបំផុតកើតឡើងសម្រាប់ប្រទេសខ្មែរ ហើយដែលមិនអាចនឹងត្រូវលើកលែងទោសអោយបានជាដាច់ខាត ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានដាក់បទបញ្ជាដោយផ្ទាល់មាត់ទៅកាន់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អោយសហការគ្នាជាមួយនឹងក្រសួងមហាផ្ទៃដើម្បីចាត់ចែងលើរឿងនេះ និង បើកការស៊ើបអង្កេតអោយបានច្បាស់លាស់ ។

លោកមានប្រសាសន៍បែបនេះ ៖ « រឿងនេះមិនតូចទេ ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះ ស្រាវជ្រាវលើសំណុំរឿងក្បត់ជាតិមួយនេះថែមទៀត […] ហើយរឿងនេះកុំភ្លេចរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹងជាមួយមហាផ្ទៃ រឿងក្ដីមួយនេះរឿងធំណាស់ជាផលប្រយោជន៍ ហើយនេះអំពើក្បត់ជាតិចេញមកច្បាស់ក្រឡែត ប៉ុន្ដែយើងអត់ត្រូវធ្វើទទឹងទិសទេ ព្រោះត្រូវស៊ើបអង្កេត ឲ្យបានម៉ត់ចត់ » ។

ប្រសាសន៍បែបបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៨ នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ។

ថ្លែងនៅក្នុងពិធីនេះ ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជារូបនេះបានអះអាងថា គ្មាននរណាម្នាក់ ដែលអាចមានសិទ្ធិកាត់ទឹកដីរបស់ប្រទេសកម្ពុជាអោយទៅជនបរទេសបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយចុះ ។

ប្រព័ន្ធផ្សាយនៅកម្ពុជាកន្លងមក បានចុះផ្សាយចំពោះករណីនេះ ដែលបង្ហាញពីឯកសារមួយចំនួនរួមទាំងវីដេអូឃ្លីបផងដោយបង្ហាញ និងចុះផ្សាយបែបចោទប្រកាន់ថា លោក សម រង្ស៊ី ធ្លាប់បានជួបលោក Kok Ksor ប្រធានមូលនិធិម៉ុងតាញ៉ា (Montagnard Foundation, Inc.) ដោយភាគីទាំង ២ បានចុះហត្ថលេខាមួយយល់ព្រមឲ្យជនជាតិម៉ុងតាញ៉ារស់នៅលើខេត្ត ៤ របស់កម្ពុជារួមមាន ខេត្តក្រចេះ ស្ទឹងត្រែងរតនគិរី និងមណ្ឌលគិរី។

អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ  លោក ខៀវ សុភ័គ្រ ធ្លាប់បានលើកឡើងថា នេះគឺជាករណីមួយដែល ធ្ងន់ធ្ងរយ៉ាងខ្លាំង។ លោកបានបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងមានវិធានការតាមផ្លូវច្បាប់ចំពោះលោក សម រង្ស៊ី ឬអាចថា លោក សម រង្ស៊ី នឹងជាប់ពន្ធនាគារអស់មួយជីវិតចំពោះទង្វើដែលរដ្ឋាភិបាលរក ឃើញ និងបានទទួលជាថ្មីនាពេលនេះ ៖ « វាជារឿងធ្ងន់ធ្ងរពេកហើយ រកពាក្យដាក់មិនបានទេ។ ដូច្នេះយើងនឹងមានវិធានការតាមផ្លូវច្បាប់ដើម្បីតបតនឹងសកម្មភាពដ៏ស្មោគគ្រោក » ។

ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បដិសេធ​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​ទៅ​វៀតណាម​ឡើយ​។

នៅ​ក្នុង​អ៊ីមែល​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧​មីនា លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​វៀតណាម​ឡើយ​។ អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា រូបនេះបានសង្កត់ថា ​ ឯកសារដែល​លោក​ចុះ​ហត្ថលេខា​ជាមួយលោក Kok Ksor មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា ​នៅ​ឆ្នាំ​២០១៣​នោះ មែន​ទែន​ទៅ មាន​ខ្លឹមសារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here