មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​ ត្រូវ​គេលួច​ដូរ​លុយ​ពិតអស់៦០០ដុល្លារ​ដាក់​លុយ​ដុល្លារ​សែន​ឱ្យ​វិញ​

0
4087

កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច (លួចយកលុយ) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចក្នុងផ្ទះម៉ាស្សាគ្មានយីហោ ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឱ្យដឹងថាជនសង្ស័យ០២នាក់ រួមមានទី១-ឈ្មោះ កង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទី២-ឈ្មោះ លន់ សុភី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សា ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិបន្ទាយរកា ឃុំក្រាំដីវាយ ស្រុកភ្នំស្រួច ខេត្តកំពុង់ស្ពឺ ។ សម្ភារៈបន្សល់ទុក ៖ លុយដុល្លារចំនួន៦០០ដុល្លារប្រគល់ឲ្យជនរងគ្រោះវិញ។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពពីខេត្តកំពង់ស្ពឺ មកលេងផ្ទះបងប្អូននៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមានអាការៈមិនសូវស្រួលខ្លួន ជនរងគ្រោះបានចូលទៅកន្លែងម៉ាស្សាកោសជប់នៅចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងកោសខ្យល់ បានឃើញមនុស្សស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងឈរក្បែរខោរបស់ជនរងគ្រោះដែលដាក់ព្យួរនៅក្បែរទ្វាជាប់ជញ្ជាំងរួចចេញទៅបាត់ ដោយមានការសង្ស័យជនរងគ្រោះបានក្រោកមកមើលលុយក្នុងហោប៉ៅខាងក្រោយ មានចំហឡេវខោបាត់លុយដុល្លារពិតចំនួន៦០០ដុល្លារ ហើយឃើញមានលុយសែនក្រដាស ១០០ដុល្លារ ចំនួន៦ស្លឹក (៦០០ដុល្លារលុយសែន) នៅក្នុងហោប៉ៅខោ។

ក្រោយកើតរឿងនេះរួច ជនរងគ្រោះបានមកប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីសុំជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យទាំង ០២នាក់ យកមកធ្វើការសាសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចំណែកជនដៃដល់គេចខ្លួន ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here