ឈាង វុន ថា អាមេរិកដាក់លោក ហ៊ីង ប៊ុនហៀង ចូលក្នុងបញ្ជីខ្មៅ ព្រោះចង់វាយបំពាក់ស្មារតីទ័ព

0
388

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាមេរិកដែលបានប្រកាសដាក់លោក ហ៊ីង ប៊ុនហៀង ចូលទៅក្នុងបញ្ជីខ្មៅ ដោយការហាមមិនអោយជាន់ដីអាមេរិក និងការបង្កក់ទ្រព្យសម្បត្តិជាដើម ។

អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងលើកឡើងថា ទង្វើរបស់រដ្ឋអាមេរិកដែលហ៊ានធ្វើបែបនេះ គឺដោយសារតែចង់វាយបំបាក់ទៅលើស្មា​រតីក​ម្លាំងទ័ពរបស់កម្ពុជា​នាពេលមុនរដូវ​ការបោះឆ្នោតចូលមកដល់​តែប៉ុណ្ណោះ ។ លោកថា ទង្វើនេះ គឺកម្ពុជាមិនអាចទទួលបានជាដាច់ខាត ។

លោកថ្លែងបែបនេះ ៖ « គាត់ជាមេទ័ពមួយ ដែលការពារដាច់ខាតប្រជាធិបតេយ្យនៅកម្ពុជា ការពារសន្តិភាពរបស់កម្ពុជា ការពារអធិបតេយ្យជាតិរបស់កម្ពុជា។ ជាទ័ពឈានមុខក្នុងការទុបស្កាត់មិនឲ្យមានការជ្រៀតជ្រែកពីក្រៅ អ៊ីចឹងហើយគេត្រូវវាយបំបាក់គាត់ ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធរបស់យើង យោធិនរបស់យើងហ្នឹង បាត់ស្មារតី » ។

ការថ្លែងលើកឡើងរបស់លោក ឈាង វុន អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨ ព្រឹកមិញនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា។

ថ្លែងនៅក្នុងពិធីនេះ លោក ឈាង វុន បានលើកឡើងប្រាប់ទៅកាន់សហរដ្ឋអាមេរិកថា ប្រសិ​នណា​បើ​គ្មានបំណងចង់ជួយអ្វីដល់កម្ពុជាទេនោះ គួរតែដកខ្លួនចេញអោយឆ្ងាយពីកម្ពុជា និងថា មិនគួរនៅតែ​​បន្តធ្វើការជ្រៀតជ្រែកកិច្ចការងាររបស់កម្ពុជាទៀតនោះឡើយ ។

កាលពីថ្ងៃអង្គារិ៍តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានអោយដឹងថា ការសម្រេចចោទប្រកាន់ និងដាក់ទណ្ឌកម្មនេះ ដោយសារបានរកឃើញថា បុគ្គលរូបនេះ គឺជាបុគ្គលម្នាក់ដែលបានរំលោភបំពានមកលើសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវចាត់ការតាមរយៈនីតិវិធីនេះ ។

ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នេះ ធ្វើឡើងដោយការប្រើប្រាស់ច្បាប់ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមាន ឈ្មោះថា Global Magnitsky  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here