លោក កឹម សុខា ទទួលរង្វាន់សន្តិភាពក្នុងការលើកកម្ពស់ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពីអង្គការនៃប្រទេសកូរ៉េខាងត្បូង

0
177

ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានទទួលពានរង្វាន់សន្តិភាព ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីអង្គការមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ។ នេះបើតាមការអោយដឹងពីមន្រ្តីរបស់អតីតគណបក្សសង្រ្គោះជាតិ ។

តាមការបង្ហើបអោយដឹងបានអោយដឹងថា អ្នកដែលបានអញ្ជើញទៅទទួលពានរង្វាន់ជំនួសអោយ លោ​ក កឹម សុខា នេះ មានលោកស្រី មួរ សុខ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ និងលោក ញ៉យ ចំរើន អតីតតំណាងរាស្រ្តមកពីអតីតគណបក្សសង្រ្គោះជាតិដែលអ្នកទាំងពីរនាក់នេះ កំពុងរស់នៅក្រៅប្រទេសបណ្ដោះអាសន្ន ចាប់តាំងពីគណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយចោល ចំណែកឯលោក កឹម សុខា កំពុងត្រូវបានឃុំខ្លួន ។

ពានរង្វាន់ដែលបានផ្ដល់ជូនលោក កឹម សុខា នេះ គឺបានលើកសរសើរចំពោះគុណភាពការងាររបស់លោក កឹម សុខា ដែលបានពលី និងហ៊ានលះបង់ដើម្បីសេរីភាព និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលបានប្រឈមនឹងបញ្ហាជាច្រើនរហូតដល់ថ្ងៃចាប់ខ្លួន ។

លោក កឹម សុខា គឺជាប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានកងកម្លាំងរដ្ឋអំណាចនៅកម្ពុជាចូលទៅចាប់ខ្លួនទាំងយប់រំលងអាទ្រាតុ ថ្ងៃទី​ ៣ ខែ​កញ្ញា​ឆ្នាំ២០១៧ នៅគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកតែម្ដង។ ​លោកត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​» ដែល​ការចោទប្រកាន់​នេះ​គឺ​ពាក់ព័ន្ធ​នឹង​វីដេអូឃ្លីប​មួយ​ដែល​លោក​បាន​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ពី​ឆ្នាំ​ ២០១៣​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here