អាជ្ញាធរយកដីការកោះហៅ លោក សម រង្ស៊ី រឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការបក្សសង្រ្គោះជាតិ

0
304

មន្រ្តីនគរបាលសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃសុខនេះ បានយកដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការបក្សសង្គ្រោះជាតិ។

ដីការដែលយកទៅបិទនៅអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិដោយអាជ្ញាធរមូលដ្ឋាននេះ ធ្វើឡើង២ថ្ងៃ ក្រោយលោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានកោះ​ហៅ​ជនសង្ស័យ​ មានឈ្មោះ សម​ រង្ស៊ី​ អោយចូលខ្លួនទៅឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង មុខ​នេះ​ ។

ទោះជាយ៉ាងណា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា រហូតមកទល់នឹងពេលនេះ នៅតែបន្តចេញមុខមកអះអាងថា សារលិខិតរបស់អង្គព្រះមហាក្សត្ររបស់កម្ពុជាដែលអំពាវនាវអោយពលរដ្ឋទៅបោះឆ្នោត គឺជាលិខិតក្លែងក្លាយ បើទោះបីជាមានការបញ្ជាក់ពីមន្រ្តីនៅព្រះបរមរាជវាំង និងមន្រ្តីរដ្ឋាភិបាលថា ជាលិខិតពិតប្រាកដ ហើយរូបលោកត្រូវបានតុលាការកោះហៅក៏ដោយ ។

លោក សម រង្ស៊ី បានអោយដឹងថា សម្រាប់លោក នៅតែជឿជាក់ថា សារលិខិតដែលត្រូវបានបណ្ដា​ញព័​ត៌មានចុះផ្សាយព្រោងព្រាតនោះ គឺមិនមែនជារបស់អង្គព្រះមហាក្សត្រដែលធ្វើឡើងទាំង ការពិ​តនោះទេ ប្រាកដជាមានអ្នកដែលបង្ខិតបង្ខំ ឬមួយក៏ជាលិខិតក្លែងក្លាយក៏ថាបានដែរ ។ លោក អោយ​ដឹងទៀតថា ពលរដ្ឋមិនគួរណាជឿជាក់លើលិខិតនេះពេកនោះទេ ព្រោះអាចធ្វើឡើងក្នុងហេតុណាមួយ ។

លោកអោយដឹងបែបនេះ ៖ « ទាក់ទងទៅនឹងការកោះហៅពីតុលាការអាយ៉ងថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅតែជឿជាក់ថា លិខិតព្រះមហាក្សត្រ ចុះថ្ងៃ ១៨ ឧសភា ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតធ្វើឡើង ក្រោមការសម្លុត និងគាបសង្កត់ » ។

លោក សម រង្ស៊ី អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរប​ស់​លោក កាលពីថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះ ខណៈដែលរូបលោកកំពុងនិរទេសខ្លួនរស់នៅ ឯក្រៅប្រទេសនៅឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here