នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់បក្សលោក យ៉ង សាំងកុមារ ថា កុំអួតជ្រុលហួសមាឌពេក

0
411

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឌឺដង និងប្រតិកម្មវាយបកទៅលើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានដាក់ការប្រៀបធៀបរវាងលោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្រ្តី ជាមួយនឹងលោក ដែលជាបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាជន ។​

ទន្ទឹមជាមួយនឹងការថ្លែងឌឺដងដៀមដាមពាក្យសម្ដីដាក់ទៅកាន់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ថែមទាំងថ្លែងទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្សមួយនេះថា កុំអោយពូកែប្រៀបធៀប និងអួតហួសលើសមាឌរបស់ខ្លួនឯងពេក ដរាបណាការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្តនៅមិនទាន់ឈានចូលមកដល់ទេនោះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ថ្លែងបែបនេះ ៖ « គួរឲ្យមានការខ្មាស់អៀនខ្លះផង។ ចំាមើលកៅអីក្រោយថ្ងៃ ២៩ សន្លឹកឆ្នោតថ្ងៃ២៩ទៅ ក្រែងលោ អួតជ្រុ​លទៅ​វាលើ​ស » ។

លោកថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែលបានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅភ្នំពេញ កាលពីថ្ងៃសុក្រ ទី២២ ខែមិថុនា ម្សិលមិញនេះ  ។

សារ​នយោបាយថ្លែងឌឺដងរបស់លោកនេះ ក្រោយពេលដែលទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះរូបភាពផ្គុំជាប់គ្នាចំនួនពីរសន្លឹក មួយគឺរូបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមួយទៀតរូបរបស់លោក យ៉ង សាំងកុមារ ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។

ហ្វេសប៊ុកនេះ បានប្រៀបធៀប ដោយការលើកសរសេរពីគុណសម្បត្តិរបស់លោក យ៉ង សាំងកុមារយ៉ាងខ្លាំង ជាពិសេសគឺរៀបរាប់ពីចំណេះ និងជំនាញពិតប្រាកដរបស់លោក យ៉ង សាំងកុមារ ហើយ បានលើកបង្ហាញពីគុណវិបត្តិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញដល់អ្នកគាំទ្រខ្លួន ។

ហ្វេសប៊ុកនេះសរសេរប្រៀបធៀបបែបនេះ ៖ « លក្ខណសម្បត្តិខុសគ្នា ៧ប្រការរវាងបេក្ខភាពនាយករដ្ឋមន្រ្តី CPP និង GDP:  CPP (20) vs. GDP (7) ១) ងាកឆេះ vs. ងាកផ្តល់ចំណេះ  ២) ចូលចិត្តប្រើកម្លាំង vs. ចូលចិត្តប្រើគំនិត  ៣) បទពិសោធន៍សង្រ្គាម vs. បទពិសោធន៍អភិវឌ្ឍន៍   ៤) ប្រើប្រព័ន្ធបញ្ជាពីលើទៅក្រោម vs. ប្រើប្រព័ន្ធប្រជាធិបតេយ្យពីក្រោមមកលើ ៥) ចង់បញ្ជាសមាជិករដ្ឋសភា vs. ចង់ស្តាប់សមាជិករដ្ឋសភា  ៦) រក្សារចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្រ្តីរាជការ vs. លុបបំបាត់រចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្រ្តីរាជការ  ៧) អភិវឌ្ឍជាតិពឹងលើជំនួយ vs. អភិវឌ្ឍជាតិពឹងលើខ្លួនឯង។ –បើអ្នកចង់បាននាយករដ្ឋមន្រ្តីងាកឆេះ សូមបោះឲ្យលេខ ២០!  –បើអ្នកចង់បាននាយករដ្ឋមន្រ្តីងាកផ្តល់ចំណេះសូមបោះឲ្យលេខ ៧!  #GDP #គបម #គណបក្សប្រជាធិបតេយ្យមូលដ្ឋាន » ។

ទោះជាយ៉ាងណា បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បណ្ឌិតដែលគេកំពុងប្រៀបធៀបជាមួយនឹងរូបលោកនេះ តាមពិតទៅ គឺលោកជាអ្នកដែលបានបណ្ដុះបណ្ដាលរហូតទទួល បានសញ្ញាប័ត្របណ្ឌិតតែប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here