ក្រសួងការពារជាតិប្រកាសប្រឆាំងសកម្មភាពខាងក្រៅដែលព្យាយាមគាបសង្កត់រដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

0
612

រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់កម្ពុជា លោក ទា បាញ់ បានចេញសារមួយប្រកាសប្រាប់អោយទា​ហា​​ន និងក្រុមគ្រួសាររបស់ទាហានទាំងអស់ដែលមានសិទ្ធិបោះឆ្នោតនោះថា អោយទៅបោះឆ្នោតជូនគណបក្សប្រជាជនក​ម្ពុ​ជា​ ។

លោក ទា បាញ់ បានថ្លែងប្រាប់ទាហានទាំងអស់ថា ត្រូវតែសម្លឹងមើលអោយឃើញពីបណ្ដាគណបក្សនយោបាយផ្សេងៗក្នុងប្រទេស និងត្រូវកត់ចំណាំថា តើបណ្ដាគណបក្សនយោបាយណាមួយ ទៅ ដែលមានទួនាទីការពារជាតិពិតប្រាកដ ។ គណបក្សដែលលោកសម្ដៅដល់ប្រាប់ដល់ទាហាន នេះ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលលោកក្នុងនាមជាមន្រ្តីជាន់ខ្ពស់មួយរូបម្នាក់ផង ដែរ ។

បើតាមលោក ទា បាញ់ បានថ្លែងបញ្ជាក់ថា នៅប្រទេសកម្ពុជា មានគណបក្សនយោបាយច្រើនដែលបានអះអាង និងអួតពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម ប៉ុន្តែលោកថា សុទ្ធតែគណបក្សដែល គ្មានប្រយោជន៍ប៉ុណ្ណោះ ។ លោករដ្ឋមន្រ្តីការពារជាតិរបស់កម្ពុជារូបនេះថា ក្នុងតម្លៃណាក៏ដោយ ក៏ ត្រូវថែរក្សាសន្តិភាពអោយបានជាដាច់ខាត ។

លោកថ្លែងបែបនេះ ៖ « បុគ្គល​មួយ​ចំនួន​មជ្ឈដ្ឋាន​ខ្លះ​បាន​ត្រឹម​ប្រជាធិបតេយ្យ និង​សិទិ្ធមនុស្ស ពួកគេ​អត់​បាន​គិត​សិទិ្ធ​រស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​សន្តិភាព សិទ្ធិ​ចាកចេញ​ពី​ការភ័យខ្លាច​ពី​វិបត្តិ​សង្គ្រា​ម​​ទេ​។ ​ចំណុច​នេះ​ហើយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​មើល​ឲ្យ​ឃើញ​ពី​តួនាទី​សារៈសំខាន់​នៃ​សន្តិភាព និ​ង​​តួនាទី​សំខាន់​នៃ​ការស្វែងរក​សន្តិភាព » ។

លោកថ្លែងបែបនេះ ធ្វើឡើង ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៣០ ​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​យោធ​ភូមិភាគ​ ៥ នៅ​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ​។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបានបញ្ជាក់ទៀតថា នឹងប្រឆាំង​សកម្មភាព​ណា​មួយ​ពី​ខាង​ក្រៅ​ដែល​ព្យាយាម​ដាក់​ការគាបសង្កត់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​ជា​ការជ្រៀតជ្រែក​មក​លើ​ដែន​សមត្ថកិច្ច​របស់​អធិបតេយ្យភាព​មួយ និង​បំពាន​លើ​គោលការណ៍​សកល​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here