អឺរ៉ុបច្រានចោលលទ្ធផលបោះឆ្នោតនៅកម្ពុជា ខណៈប្រទេសសំខាន់ៗមួយចំនួនបានច្រានចោលរួចទៅហើយ

0
40985

សហភាពអឺរ៉ុបបានធ្វើការបដិសេធ និងច្រានចោលចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរា​ស្រ្ត​នីតិកាលទី៦ របស់កម្ពុជា ដែលបានបញ្ចប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ។

តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ មួយថ្ងៃក្រោយការបោះឆ្នោតជាតិនៅកម្ពុជា សហភាពអឺរ៉ុបបានលើកឡើងថា ការបោះបោះឆ្នោតនេះ គឺមិនបានរៀបចំធ្វើឡើងដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេ ខណៈអតីតគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិនៅតែមិនអាចត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតប្រជែ​ង​ជា​​មួយនឹងគណបក្សផ្សេ​ងៗទៀ​តសម្រាប់ការបោះឆ្នោតមួយនេះ ។

លើសពីនេះទៀត សេចក្ដីថ្លែងការណ៍នេះ អឺរ៉ុបបានហៅថា ជាការបោះឆ្នោតមួយដែលមានសភាពរឹតត្បិតយ៉ាងខ្លាំងក្លា ដែលមិនអាចនឹងធ្វើអោយសហគមន៍អន្តរជាតិមានទាំងអឺរ៉ុបខ្លួនឯង និងបណ្ដាប្រទេសលោកសេរីមួយចំនួនទៀតនោះ ទទួលយកបាននោះទេ ។

អឺរ៉ុបគឺជាប្រទេសមួយ ដែលបានប្រកាសបដិសេធមិនចូលរួមឃ្លាំមើល និងសង្កេតការណ៍សម្រាប់ដំ​ណើរកា​របោះ​ឆ្នោ​​តសកល ឬហៅថា បោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងចំណោមបណ្ដាប្រ​​ទេសធំៗមួ​យ​ចំ​នួ​ន​ទៀត ដែលសុទ្ធសឹងតែជាម្ចាស់ជំនួយដ៏សំខាន់ៗរបស់កម្ពុជា ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន ជា​ដើម ។

៣ម៉ោង ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនោះ សហរដ្ឋអាមេរិកវិញបានចេញសេចក្ដីប្រកាសព័ត៌មានមួយភ្លាមៗ ដោយច្រានចោលចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ហើយថែមទាំងបានព្រមានដាក់ទណ្ឌកម្មបន្ថែមលើមន្រ្តីរដ្ឋាភិបាលកម្ពុជាទៀតផង​ ជាពិសេសគឺការព្រមានបិទទិដ្ឋាការបន្ថែមទៀត ។

សហរដ្ឋអាមេរិកបានលើកឡើងថា ការបោះឆ្នោតនេះ គឺមិនមានភាពសេរី ឬយុត្តិធម៌ ហើយខកខានមិនបានតំណាងឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា។ជាមួយគ្នានេះដែរ សហដ្ឋអាមេរិកថែមទាំងហៅ ការបោះឆ្នោតនេះថា ប្រកបដោយបញ្ហា និងដែលបានរាំរាំងការចូលរួមរបស់គណបក្សប្រឆាំងចម្បងរបស់តំណាងឲ្យការថយក្រោយដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សមិទ្ធិផលរបស់កម្ពុជាក្នុងការលើកតម្កើងការសម្រុះសម្រួលខាងនយោបាយនិងកំណើនសេដ្ឋកិច្ចដែលមានចាប់តាំងពីសន្ធិសញ្ញាទីក្រុងបារីសឆ្នាំ១៩៩១មក ។

សភានៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែ កក្កដា បានអនុម័តសេចក្តីស្នើច្បាប់ថ្មីមួយលេខ H.R. 5754ស្តីពីកម្ពុជាCambodia Democracy Act of 2018 (H.R. 5754) ដែលបានស្នើអោយដាក់ទណ្ឌកម្មមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាដែលធ្វើអោយខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការអនុម័តធ្វើឡើងដោយសំឡេងឯកច្ឆ័ន្ទ។

ក្បាលម៉ាស៊ីនសំខាន់ៗ និងមានកូនចៅរបស់លោក ហ៊ុន សែន ផងនោះ មាន១៧រូប ដែលរួមមានដូចជា៖ – លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា – លោក ស ខេង រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ – លោក ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ  – លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច  – លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌  – លោក ស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន  – លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស  – លោក ឪមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ – លោក ប៉ុន សារឿន – លោក នេត សាវឿន – លោក គុណ គីម – លោក សៅ សុខា – លោក ហ៊ីង ប៊ុនហៀង- លោក ជួន សុវណ្ណ- លោក ហ៊ុន ម៉ាណែត- លោក សុខពុទ្ធីវុទ្ធ- អ្នកស្រីហ៊ុន ម៉ាណា ។

ចំណែកឯរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការសម្រេចរបស់រដ្ឋាភិបាលចាំផ្ទះនៅកម្ពុជា

រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានហៅការបោះឆ្នោតនេះ និងការបន្តឃុំខ្លួនទៅលើមេដឹកនាំរបស់អតីតគណបក្សប្រឆាំងនិងការបិទសិទ្ធិអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សប្រឆាំងដ៏ធំមួយនេះមួយចំនួនមិនអោយធ្វើនយោបាយអស់រយៈពេល៥ឆ្នាំ ដែលស្មើនឹងមួយអាណត្តិ អូស្រ្តាលីបានលើកឡើងថា ជាករណីដែលធ្វើអោយវឌ្ឍនភាពដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារយៈពេលជាង២៥ឆ្នាំកន្លងទៅនេះ ដើរថយក្រោយ ។

អូស្រ្តាលីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើដំណើរការបោះឆ្នោតមួយ ដែលគ្មានការចូលរួមពេញលេញពីគ្រប់ភាគីនៃគណបក្សនយោបាយ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ។

លើសពីនេះទៀត សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ថែមទាំងបានបង្ហាញការខកចិត្តយ៉ាងខ្លាំងខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួន នៅតែមិនអាចជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្តបានដោយសេរី និងត្រឹមត្រូវ ។

យ៉ាងណា សម្រាប់អឺរ៉ុបវិញ តាមរយៈសេចក្ដីថ្លែងការណ៍បានរំលឹកមកវិញទៀតថា ក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប ធ្លាប់បានព្រមាន​នៅក្នុង​សេចក្តីសន្និដ្ឋាន​របស់ខ្លួនរួចហើយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលថា «ដំណើរការបោះឆ្នោតមួយ ដែលគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរារាងតាមអំពើចិត្តដូច្នេះ នឹងមិនមានភាពស្របច្បាប់ទេ»។

សហភាពអឺរ៉ុបក៏បានប្រកាសដែរថា នឹងរង់ចាំមើល ពីសកម្មភាពរបស់អាជ្ញាធរកម្ពុជា ក្នុងការស្តារលទ្ធិ​ប្រជាធិបតេយ្យឡើងវិញ ធ្វើការពិភាក្សា ​ជាមួយគណបក្សប្រឆាំង និងបង្កើតនូវលក្ខខណ្ឌនានា ដែលនាំឱ្យមានការជជែកវែកញែក និងការប្រកួតប្រជែងនយោបាយ ដោយសេរី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here