អាល្លឺម៉ង់ ៖ ការបោះឆ្នោតនៅកម្ពុជាមិនស្របច្បាប់ទេ

0
27717

រដ្ឋាភិបាលនៃប្រទេសអាឡឺម៉ង់ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងដំណើរការប្រប្រព្រឹត្តទៅ​​នៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលទើបនឹងត្រូវបានបញ្ចប់កាលពីថ្ងៃ​​អា​ទិត្យកន្លងទៅនេះ ។

សេចក្ដីថ្លែងការណ៍របស់អាឡឺម៉ង់នេះ ធ្វើឡើង១ថ្ងៃក្រោយ សហភាពអឺរ៉ុបបានធ្វើការបដិសេធ និងច្រានចោលចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់កម្ពុជា។ អាឡឺម៉ង់ បា​នទាមទារអោយកម្ពុជាងាកទៅរកប្រជាធិបតេយ្យឡើងវិញ អោយស្របទៅនឹងរដ្ឋធម្មនុញ និងកិច្ចព្រ​ម​​ព្រៀ​ងសន្តិភាពទីក្រុងប៉ារីស ។

តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកក្កដា អឺរ៉ុបបានលើកឡើងថា ការបោះបោះឆ្នោតនេះ គឺមិនបានរៀបចំធ្វើឡើងដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេ ខណៈអតីតគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិនៅតែមិនអាចត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតប្រជែងជាមួយនឹងគណបក្សផ្សេងៗទៀតសម្រាប់ការបោះឆ្នោតមួយនេះ ។

លើសពីនេះទៀត សេចក្ដីថ្លែងការណ៍នេះ អឺរ៉ុបបានហៅថា ជាការបោះឆ្នោតមួយដែលមានសភាពរឹតត្បិតយ៉ាងខ្លាំងក្លាដែលមិនអាចនឹងធ្វើអោយសហគមន៍អន្តរជាតិមានទាំងអឺរ៉ុបខ្លួនឯង និងបណ្ដាប្រទេសលោកសេរីមួយចំនួនទៀតនោះទទួលយកបាននោះទេ ។

សម្រាប់សេចក្ដីថ្លែងការណ៍របស់អាឡឺម៉ង់ ដែលបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះ ពោលគឺ២ថ្ងៃក្រោយការបោះឆ្នោតសកលនៅកម្ពុជានោះ អាឡឺម៉ង់ បានលើកឡើងថា ការបោះឆ្នោតនេះ ថ្វីត្បិតបើគ្មានការបង្កហឹង្សារណាមួយកើតឡើង ។ និយាយដោយក្ដីខ្លីថា ទោះបីជាមានសន្តិភាពក៏ពិតមែនក៏ដោយចុះ ប៉ុន្តែការបោះឆ្នោតនេះ គឺនៅតែមិនអាចចាត់ទុកថា ជាការបោះឆ្នោតមួយដែលមានភាពស្របច្បាប់នោះឡើយ ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យការិយាល័យការបរទេសសហព័ន្ធអាឡឺម៉ង់ បានលើកឡើងថា ទោះជាមានសន្តិភាព និងធ្វើដោយសន្តិវិធី ប៉ុន្តែសន្តិវិធីនេះ គឺមិនអាចនាំបានមកជាមួយនឹងភាពស្របច្បាប់ ដែលអាចនឹងទទួលយកបាននោះឡើយ ។

អាឡឺម៉ង់ នៅតែបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ក្នុងនាមជាមិត្តរបស់កម្ពុជា ។ អាឡឺម៉ង់បានលើកឡើងពីកង្វល់របស់ពួកគេ ដែលរដ្ឋាភិបាលរបស់កម្ពុជាបានចាប់ខ្លួនលោក កឹម សុខា មេដឹកនាំនៃគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ការប្រកាសរំលាយគណបក្សសង្រ្គោះជាតិចោល ជាពិសេសគឺការហាមឃាត់អ្នកនយោបាយចំនួន១១៨រូប មិនអោយធ្វើនយោបាយអស់រយៈពេល៥ឆ្នាំ ។

ចំណែកឯអាមេរិចវិញ ដែលបានចេញសេចក្ដីថ្លែងការណ៍ច្រានចោល៣ម៉ោងក្រោយការបោះឆ្នោតស​ក​​ល​នៅកម្ពុជាក៏បានលើកឡើងប្រហាក់ប្រហែលនឹងអាឡឺម៉ង់ និងអឺរ៉ុបដែរ ។

សហរដ្ឋអាមេរិកបានលើកឡើងថា ការបោះឆ្នោតនេះ គឺមិនមានភាពសេរី ឬយុត្តិធម៌ ហើយខកខានមិនបានតំណាងឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះដែរ សហដ្ឋអាមេរិកថែមទាំងហៅ ការបោះឆ្នោតនេះថា ប្រកបដោយបញ្ហា និងដែលបានរារាំងការចូលរួមរបស់គណបក្សប្រឆាំងចម្បងរបស់តំណាងឲ្យការថយក្រោយដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រ​ព័ន្ធ​​ប្រ​ជាធិប​តេយ្យដែល​មានចារនៅក្នុងរដ្ឋធម្មនុ​ញ្ញកម្ពុជា ហើយបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សមិទ្ធិផលរបស់​កម្ពុ​ជាក្នុងការលើកតម្កើងការសម្រុះសម្រួលខាងនយោបាយនិងកំណើនសេដ្ឋកិច្ចដែលមានចាប់តាំងពីសន្ធិសញ្ញាទីក្រុងបារីសឆ្នាំ១៩៩១មក ។

ក្រៅពីអាមេរិក រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីក៏ប្រកាសមិនពេញចិត្តនឹងការបោះឆ្នោតនេះដែរ ។ ប្រទេ​​ស​អូស្រ្តាលីបានហៅការបោះឆ្នោតនេះ និងការបន្តឃុំខ្លួនទៅលើមេដឹកនាំរបស់អតីតគណបក្សប្រឆាំងនិងការបិទសិទ្ធិអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សប្រឆាំងដ៏ធំមួយនេះមួយចំនួនមិនអោយធ្វើនយោ​បាយ​​អស់រយៈពេល៥ឆ្នាំ ដែលស្មើនឹងមួយអាណត្តិ។

អូស្រ្តាលីបានលើកឡើងថា ជាករណីដែលធ្វើអោយវឌ្ឍនភាពដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារយៈពេលជាង២៥ឆ្នាំកន្លងទៅនេះ ដើរថយក្រោយ ។

ទោះជាមានការចោទប្រកាន់ថា ការបោះឆ្នោតនេះ មិនយុត្តិធម៌ និងមិនស្របច្បាប់ក្ដី រដ្ឋាភិបាលកម្ពុជាបានចេញមុខអះអាងថា នេះមិនមែនជាការពិត ។

ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាច លោក ហ៊ុន សែន ដែលឈ្នះការបោះឆ្នោតសកលនីតិកាលទី៦ នេះ និងទទួលបានអាសនៈរហូតដល់ទៅ១២៥ នោះ មានមោទនៈភាពយ៉ាងខ្លាំងជាមួយនឹងលទ្ធផលបោះឆ្នោតនេះ ។ លោកថែមទាំងបានកោតសរសើរដល់ គជប សម្រាប់ការររៀបចំការបោះឆ្នោតលើកនេះទៀតផង ។

លោក ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ជាងនេះទៀត លោកថែមទាំងរំលឹកឡើងវិញថា ការបោះឆ្នោតនេះ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមអង្គ ការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការ បោះឆ្នោតដោយហ្មត់ចត់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here