លោក ហ៊ុន សែន បបួលលោក សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់ ទៅលើលទ្ធផលបោះឆ្នោតកន្លងទៅ

0
7432

ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងរិះគន់ចំពោះក្រុមអ្នកដែលបានចោទអ្នករៀបចំការបោះឆ្នោតសកលនៅកម្ពុជាកន្លងទៅថា បានកេងបន្លំ ឬក៏បានបំប៉ោងទិន្នន័យនៃការ អញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន ដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ថ្មីនៅពេលដ៏ខ្លីខាងមុខនេះ បានហៅក្រុមទាំងនោះថា សុទ្ធតែជាក្រុមសណ្ដានមនុស្សឆ្កួតរបស់ក្រុមប្រឆាំង ដែលមានបំណងដើម្បីគ្រាន់តែវាយប្រហារទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ តែប៉ុណ្ណោះ ។

លើសពីនេះទៀត លោក ហ៊ុន សែន ថែមទាំងបានប្រកាសបបួលទៅកាន់លោក សម រង្ស៊ី ដែលកំពុងនិទេសខ្លួនរស់នៅក្រៅប្រទេសនោះ ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់ ទៅលើលទ្ធផលបោះឆ្នោតកន្លងទៅ ដែលត្រូវបានគេចោទថា មានការបំប៉ោងទិន្នន័យនោះ។

ប្រតិកម្មរបស់លោក ហ៊ុន សែន នាពេលនេះ ក្រោយពេល លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថា បានបញ្ចេញកំហឹងយ៉ាងខ្លាំងទៅលើលោក ស៊ិក ប៊ុនហុកប្រធាន គ.ជ.ប. ដោយស្តីបន្ទោសគាត់ថា បានលួចបន្លំសន្លឹកឆ្នោតច្រើនពេក ឲ្យគណបក្សប្រជាជនកម្ពុជា ដោយមិនបានគិតពិចារណាវែងឆ្ងាយ។

លោកបន្តថា លោក ហ៊ុន សែន បានស្ដីបន្ទោសលោក ស៊ិក ប៊ុនហុក ថា មិនគួរលួចបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា រហូតដល់ធ្វើឲ្យគណបក្សនេះទទួលបានកៅអីសភា ១២៥ លើ ១២៥ ពីព្រោះធ្វើបែបហ្នឹង វាអាក្រក់មើលពេក។

បើតាមលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសរូបនេះបានអះអាងបន្តថា ៖ « លោក ហ៊ុន សែន បានបន្ថែមថា គួរណាស់លួចបន្លំសន្លឹកឆ្នោតមួយចំនួនឲ្យទៅគណបក្សតូចៗផង យ៉ាងតិចណាស់ឲ្យបាន ២-៣ កៅអី កុំឲ្យឃើញ គណបក្សប្រជាជនកម្ពុជា ដណ្តើមយកទាំងអស់តែម្នាក់ឯងអញ្ចឹង » ។

ផ្ទុយពីការចោទប្រកាន់របស់លោក សម រង្ស៊ី លោក ហ៊ុន សែន វិញ បានសម្ដែងក្ដីមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលបោះឆ្នោតនេះ ។ លោកបានមានប្រសាសន៍អោយដឹងថា ប្រទេសកម្ពុជា គឺបានសម្រេចនូវជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ។

លោក ហ៊ុន សែន បានបន្តថា តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩​%) នៃចំ​នួនអ្នកបោះឆ្នោតសរុប(៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួ​ម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជា​​ធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បា​ស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here