មេអង្គរក្សលោក ហ៊ុន សែន ប្រកាសត្រៀមកម្លាំងទ័ពវាយអាមេរិក

0
179240

អគ្គមេបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសត្រៀមកម្លាំងទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមួយចំនួនទៀតនៅលើពិភពលោក ។

តាមរយៈវីដេអូមួយដែលត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះ និងចែករំលែកព្រោងព្រាតតាំងពីថ្ងៃម្សិលមិញដកស្រង់ដោយទូរទស្សន៍ ស៊ីអ៊ិនស៊ី ចេញពីកម្មវិធីមួយ លោក ហ៊ីង ប៊ុនហៀង ដែលជានាយឧត្ដមសេនីយ៍ជាន់ខ្ពស់មួយរូបនៅកម្ពុជាពាក់ផ្កាយមាសនៅលើស្មារចំនួន៤ បានប្រកាសអះអាងថា អាមេរិកមិនមែនជារឿងដែលកម្ពុជាត្រូវខ្លាចនោះទេ ទោះជាប្រទេសនេះ ល្បីថា ខ្លាំងពូកែ និងអស្ចារ្យយ៉ាងណាក៏ដោយចុះ ក៏កម្ពុជាអាចតបទៅវិញបានដែរ អោយតែកម្ពុជាយល់ថា បណ្ដាប្រទេសទាំងនេះ ហ៊ានធ្វើអោយប៉ះពាល់ដល់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ។

លោក ហ៊ីង ប៊ុនហៀង ថ្លែងបែបនេះ ៖ « ហើយទស្សនៈរបស់ខ្ញុំចង់រាប់អានជាមួយអាមេរិកណាស់ មិនមែនមិនចង់រាប់អានទេ ប៉ុន្តែក៏ត្រឹមវ៉ៃអាមេរិកដែរ។ បើអាមេរិកធ្វើទាំងងងើលទាំងខុសច្បាប់ ក៏ត្រៀមកម្លាំងវ៉ៃអាមេរិកដែរ អត់មានអីដែលត្រូវចាវជាមួយអាមេរិកទេ » ។

កាលពីពាក់កណ្ដាលខែមិថុនា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លោកមេអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដោយចោទថា បុគ្គលរូបនេះ គឺជាបុគ្គលម្នាក់ដែលបានរំលោភបំពានមកលើសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវចាត់ការតាមរយៈនីតិវិធីនេះ ។ ការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នេះ ធ្វើឡើងដោយការប្រើប្រាស់ច្បាប់ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Global Magnitsky ។

នៅត្រង់ចំណុចនេះ លោក ហ៊ីង ប៊ុនហៀង បានលើកឡើងថា ជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ ។ លោកបានរំលឹកប្រាប់អ្នកសារព័ត៌មានថា លោកខិតខំធ្វើទាហានការពារជាតិកម្ពុជាអស់រាប់ឆ្នាំ មិនបានទៅរកស៊ី នៅទីណាឡើយ ។ ដូច្នេះគ្មានហេតផលណាមួយដែលមានទ្រព្យសម្បត្តិដាក់ផ្ញើនៅអាមេរិកដូចការចោទប្រកាន់នោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here