រដ្ឋមន្ត្រី​ការងារ៖ កម្ពុជា​នៅ​តែ​ខ្វះ​កម្មករ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ

0
317

រដ្ឋមន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ប្រាប់​ជាថ្មី​ម្តង​ទៀត​ថា កម្ពុជា កំពុង​តែ​ខ្វះ​កម្មករ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ។​ លោក អ៊ិត សំហេង សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ កំពុង​ត្រូវ​ការ​ចាំ​បាច់​ កម្មករ​ពលករ​ជំនាញ​ ក៏​ប៉ុន្តែ​កូន​សិស្ស​រៀន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ គឺ​ពុំ​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​ផ្នែក​ឧស្សហកម្ម​នៅ​ឡើយ​ទេ។ ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ ក្នុង​ឱកាស​វេទិកា​ជាតិ​ស្តីពី​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការងារ, កូន​សិស្ស​ដែល​រៀន​ផ្នែក​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ចំនួន​ប្រមាណ​ ៥​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ គឺ​មិន​ខ្វល់​ពី​ការ​អត់​ការងារ​ធ្វើ​នោះទេ ព្រោះ​តាំងពី​ពេល​មិន​ទាន់​រៀន​ចប់​មក​ម្ល៉េះ គឺ​មាន​ក្រុមហ៊ុន​ទៅ​ទាក់ទង​ ឬ​កក់ទុក​ ឲ្យ​ទៅ​ធ្វើ​ការងារ​នៅ​កន្លែង​របស់​គេ រួច​ស្រេច​ទៅ​ហើយ។ ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ កម្ពុជា នៅ​តែ​ខ្វះ​ធនធាន​មនុស្ស​ដែល​រៀន​ផ្នែក​វិជ្ជាជីវៈ​នេះ សម្រាប់​បំពេញ​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​និង​បច្ចេកទេស​ របស់​ក្រុមហ៊ុន។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក​ អ៊ិត សំហេង។

រដ្ឋមន្ត្រី​ក្រសួង​ការងារ ​យល់​ឃើញ​ទៀត​ថា វិស័យ​​អប់រំ​វិជ្ជាជីវៈ និង​ការ​​បណ្តុះ​បណ្តាល​បច្ចេកទេស​ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​បង្កើត​ធនធាន​មនុស្ស ហើយ​ក៏​ងាយ​ស្រួល​រក​ការងារ​ធ្វើ​ណាស់​ដែរ​ ក៏​ប៉ុន្តែ ព័ត៌មាន​ផ្នែក​នេះ គឺ​នៅ​មិន​ទាន់​បាន​យល់​ដឹង​ជ្រោត​ជ្រាប​ដល់​សាធារណៈ​ជន​ខ្មែរ​បាន​ពេញ​លេញ​នៅ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ ទើប​ក្រសួង​ការងារ​ខំ​ប្រឹង​រៀប​ចំ​វេទិកា​ជាតិ​ស្តីពី​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ។

នៅ​ឆ្នាំ​២០១៧នេះ គឺ​ជា​លើក​ទី​៣ហើយ ដែល​ក្រសួង​ធ្វើ​កម្មវិធី​ពិព័រណ៌​វិស័យ​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។​ លើក​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រឹះស្ថាន​សាធារណៈ​ចំនួន​១៧ ក្រុមហ៊ុន​ឯកជន ២០។​ មុខវិជ្ជា​សំខាន់ៗ​ ដែល​ត្រូវ​បង្ហាញ​ជូន រួម​មាន ផ្នែក​មេកានិក អេឡិចត្រូនិក អគ្គីសនី សំណង់ស៊ីវិល Business-ICT ជាដើម។​ ហើយ​សាធារណជន​ ពិសេស​យុវជន​សិស្ស​និស្សិត អាច​ទៅ​ទស្សនា​ពិព័រណ៌​ជំនាញ​ទាំង​នោះ រយៈ​ពេល​មួយ​ថ្ងៃ​ពេញ នៅ​ថ្ងៃ​ទី​៣​កក្កដា​នេះ​ ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៨​យប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here