វេជ្ជបណ្ឌិត ស្រី សុផល សុខចិត្តបោះអាជីពពេទ្យ ព្រោះតែចំណូលដ៏លើសលប់ពីមុខរបរចិញ្ចឹមសត្វត្រចៀកកាំ

0
3044

( ប្រជាប្រិយ ដោយ ឧត្ដម ) នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានអ្នកចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ ឬ សំបុកវាតិចតួចបំផុត ហើយសំបុកទឹកមាត់ត្រចៀកកាំ នាពេលបច្ចុប្បន្ននេះកំពុងតែមានទីផ្សារ និង តម្លៃខ្ពស់ ដែលក្នុងមួយគីឡូក្រាមមានតម្លៃពីជាង ១០០០ ដុល្លារ ទៅ ជាង២០០០ដុល្លារ ។ ដោយមើលឃើញទីផ្សារ និង ទឹកមាត់ត្រចៀកកាំ មានតម្លៃខ្ពស់នោះ  លោក វេជ្ជបណ្ឌិត ស្រី សុផល សុខចិត្តបោះបង់មុខរបរជាគ្រូពេទ្យចោល ដោយលោកបានងាកមកចាប់យកមុខរបរចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ ឬ សំបុកវាលក់វិញម្តង ។ ហើយមុខរបរចិញ្ចឹមសត្វត្រចៀកកាំរបស់លោកកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ។

បច្ចុប្បន្ននេះ សំបុកទឹកមាត់ ត្រចៀកកាំកំពុងតែមានទីផ្សារធំទូលាយ ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ហើយជនជាតិដែលចូលចិត្តហូបទឹកមាត់ត្រចៀកកាំនេះខ្លាំងជាងគេគឺជនជាតិចិន ដែលពួកគេបានចាត់ទុកវាថា ជាថ្នាំប៉ូវ ។ លោកវេជ្ជបណ្ឌិត ស្រី សុផល បានងាកមកប្រកបរបរចិញ្ចឹមសត្វត្រចៀកកាំនេះ នៅក្នុងឆ្នាំ ២០១០ មុនដំបូងលោកចិញ្ចឹម នៅម្តុំស្ពានអាកាស ៧មករា ។ ពេលជួបជាមួយ ប្រជាប្រិយ លោកបានរៀបរាប់ពីការចិញ្ចឹម សត្វត្រចៀកកាំ នេះថា ការចិញ្ចឹមសាកល្បងក្នុងរយៈពេល៣ខែមុនដំបូងគឺមិនទទួលបានផ្លែផ្កាឡើយ មានសត្វតែ២ឬ៣ ប៉ុណ្ណោះ ។ តែនៅពេលចូលដល់ខែទី៦ ឬទី៧  សត្វត្រចៀកកាំក៏ចាប់ផ្តើមមកច្រើន នៅពេលឃើញវាមកច្រើនបែបនេះ យើងក៏រៀបចំគម្រោងទៅទិញដីតម្លៃថោកៗនៅតាមមាត់សមុទ្រ ដើម្បីសាងសង់ផ្ទះសម្រាប់សត្វត្រចៀកកាំជាបន្តបន្ទាប់ ។ ការចិញ្ចឹមសត្វត្រចៀកកាំមុនដំបូងគឺយើងមានការប្រថុយប្រថានខ្លាំងណាស់ បើយើងមិនមានបច្ចេកទេសត្រឹមត្រូវទេនោះ ភាគរយនៃការបរាជ័យ អត់មានសត្វគឺមានច្រើន ។ ហើយកត្តាដែលធ្វើឱ្យមានសត្វច្រើនគឺមានទាំង ការឌីហ្សាញ   ការចាក់ភ្លេង ការចាប់ឈើឱ្យវាធ្វើសំបុក ហើយការធ្វើផ្លូវឱ្យវាចូល ។ ហើយភ្លេងដែលយើងចាក់គឺមានភ្លេងក្នុង និង ភ្លេងក្រៅ បើយើងមិនចេះផ្នែកបច្ចេកទេសទាំងអស់នឹងទេ អត្រាជោគជ័យគឺទាប ។ បច្ចុប្បន្ននេះ យើងមានផ្ទះត្រចៀកកាំ នៅភ្នំពេញ ខេត្តកំពត ស្រែអំបិល និង នៅខេត្តកោះកុង ។ ហើយរហូតមកដល់ពេលនេះ សរុបទាំងផ្ទះត្រចៀកកាំរបស់ខ្ញុំ និង ផ្ទះសហការជាមួយគេ គឺមានចំនួន ២៥ ផ្ទះគឺភាគច្រើនមាននៅខេត្តកោះកុង ។ ហើយក្នុងមួយខែ ពួកខ្ញុំអាចប្រមូលសំបុកទឹកមាត់ត្រចៀកកាំបានពី៦០គីឡូក្រាម ទៅ៧០ គីឡូក្រាមដែរ ។

សត្វត្រចៀកកាំនេះ មានញៀនពិសេសម្យ៉ាងគឺវាអាចស្តាប់ឮសម្លេងភ្លេង ដែលយើងចាក់នោះ បានចម្ងាយពី២០គីឡូម៉ែត្រ ទៅ ៣០ គីឡូម៉ែត្រ ហើយភ្លេងដែលយើងចាក់នោះ គឺយើងទិញមកពីប្រទេសម៉ាឡេស៊ី ។ កាលពីខ្ញុំធ្វើផ្ទះត្រចៀកកាំដំបូងនៅម្តុំស្ពានអាកាស៧មករានេះគឺខ្ញុំចំណាយដើមទុនអស់ចំនួន ១៧០០០ដុល្លារ ប៉ុន្តែឥឡូវនេះវាបានរកចំណូលឱ្យខ្ញុំវិញពី ៤០០០ ដុល្លារទៅ ៥០០០ដុល្លារក្នុងមួយខែ  ។

លោក វេជ្ជបណ្ឌិត ស្រី សុផល មានប្រសាសន៍បន្តទៀតថា ទីផ្សារសំបុកទឹកមាត់ត្រចៀកកាំរាល់ថ្ងៃនេះ គឺមានការកើនឡើងខ្ពស់ ។ជាពិសេសនៅស្រុកយើង នាពេលបច្ចុប្បន្ននេះគឺមានជនជាតិចិនមករកស៊ីច្រើន កាលណាមានចិនមកច្រើនធ្វើឱ្យការរកស៊ីត្រចៀកកាំរបស់យើងក៏ទទួលបានជោគជ័យដែរ ព្រោះជនជាតិចិនចូលចិត្តហូបទឹកមាត់ ត្រចៀកកាំនេះខ្លាំងណាស់។ ហើយទីផ្សារសំបុកទឹកមាត់ត្រចៀកកាំ នាពេលបច្ចុប្បន្ននេះ សម្រាប់សំបុកទឹកមាត់ត្រចៀកកាំ ដែលមិនទាន់រើសឬសំអាត មានតម្លៃជាង ១០០០ដុល្លារ ក្នុងមួយគីឡូក្រាម ។ហើយសំបុកទឹកមាត់ត្រចៀកកាំ ដែលរើសសំអាតរួចហើយគឺមានតម្លៃ ជាង ២០០០ដុល្លារ ក្នុងមួយគីឡូក្រាម ។ នៅពេលនេះដែរ ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យងាកមកចាប់អារម្មណ៍ ឬចិញ្ចឹមសត្វត្រចៀកកាំនេះ ព្រោះវាអាចរកចំណូលឱ្យយើងបានច្រើនណាស់ ដោយសារតែវាមានតម្លៃខ្ពស់ យើងចំណាយដើមទុនតែម្តងគឺយើងអាចប្រមូលផលពីវា តរហូតដល់កូនចៅរបស់យើង ហើយវាមិនពិបាកក្នុងការថែទាំ ឬ ឱ្យចំណីវាស៊ីទៀត  ។ បើបងប្អូនចង់ចិញ្ចឹមអាចទាក់ទងមករូបខ្ញុំបាន តាមរយៈលេខទូរស័ព្ទ ០១២ ៨៣៦៣២៣ ។

**ហេតុអ្វីបានជាជនជាតិចិនចូលចិត្ត ហូបទឹកមាត់ត្រចៀកកាំ ?

បើយោងតាមឯកសារឬរឿងដែលគេ បានដំណាល់តៗគ្នាមកថា កាលពីប៉ុន្មានរយឆ្នាំមុន កងទ័ពចិនបានទៅធ្វើសង្គ្រាមនៅប្រទេសម៉ាឡេស៊ី នៅពេលចាញ់សង្គ្រាមកងទ័ពចិនទាំងនោះ បានរត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងរន្ធភ្នំ ហើយកងទ័ពសត្រូវម្ខាងទៀត បានយកផ្ទាំងថ្មធំៗទៅបិទរន្ធភ្នំទាំងនោះ ក្នុងគោលបំណងឱ្យកងទ័ពចិនទាំងនោះ អត់បាយ ក្រហាយទឹកស្លាប់  ។ ប៉ុន្តែបន្ទាប់ពីទៅសម្ងំលាក់ខ្លួនក្នុងរន្ធភ្នំអស់រយៈពេលជាច្រើនថ្ងៃ ច្រើនខែ ដោយមិនមានបាយ ទឹកហូប កងទ័ពចិនទាំងនោះ ក៏បានក្រឡេកមើលទៅផ្នែកម្ខាងនៃរន្ធភ្នំក៏បានឃើញ សំបុកទឹកមាត់ត្រចៀកកាំ ហើយក៏នាំគ្នាបេះយកមកហូប ធ្វើឱ្យពួកគេមានសាច់ឈាមស្រស់ស្អាត កម្លាំងមាំមួន ។ នៅពេលគេចរចាត្រូវរ៉ូវគ្នា កងទ័ពចិនទាំងនោះ ក៏បានចេញពីរន្ធភ្នំ ពេលនោះស្តេចស្រុកចិនក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងថា កងទ័ពទាំងនោះ ទៅពួនក្នុងរន្ធភ្នំ អត់បាយ ក្រហាយទឹក អស់រយៈពេលជាច្រើនខែមកហើយ ហេតុអ្វីក៏មិនស្លាប់ ទើបស្តេចអង្គនោះបញ្ជាឱ្យគេទៅហៅកងទ័ពទាំងនោះមកចូលគាល់ ដើម្បីព្រះអង្គបានសួរនាំពីរឿងនេះ ។ ពេលចូលគាល់ស្តេច ទាហានទាំងនោះបានទូលថ្វាយព្រះអង្គថា មូលហេតុដែលពួកគេនៅមានជីវិតរស់ និង មានកម្លាំងមាំមួននោះ គឺដោយសារតែពួកគេបានហូបសំបុកទឹកមាត់ត្រចៀកកាំ នៅក្នុងរន្ធភ្នំនោះ ។ នៅពេលស្តេចឮដូច្នេះ ក៏ចាត់ចែងឱ្យមន្ត្រីអ្នកមុខ អ្នកការរកសំបុកទឹកមាត់ត្រចៀកកាំយកមកថ្វាយព្រះអង្គសើយ ហើយរឿងនេះ ក៏បានល្បីល្បាញពេញនគរចិន ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ ៕ ឧត្តម

LEAVE A REPLY

Please enter your comment!
Please enter your name here