ក្រុម​សិទ្ធិមនុស្ស​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​បង្ក្រាប​លើ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ថៃ

0
136

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​មករា ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ផ្ដន្ទាទោស​បុគ្គល និង​ក្រុម​នាំ​ពលករ​ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ។ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កន្លង​មក​កម្ពុជា បាន​ចាត់​ការ​លើ​បញ្ហា​នេះ ហើយ​បាន​កែសម្រួល​លក្ខខណ្ឌ​ការងារ​ជាច្រើន។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ចប់​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​អំពើ​ទាសភាព​នៅ​តាម​ទូក​នេសាទ​របស់​ថៃ។

​ការ​អំពាវនាវ​របស់​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ឈ្មោះ “ការ​កេង​ប្រវ័ញ្ច​កម្លាំង ពលកម្ម​ដោយ​អាថ៌​កំបាំង” ដែល​មាន​កម្រាស់ ១៣៤​ទំព័រ បាន​ស៊ើប​អង្កេត​ករណី​ជួញដូរ​មនុស្ស​ខុស​ច្បាប់ និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​របស់​ថៃ។

របាយការណ៍​ស៊ើប​អង្កេត​នោះ​បាន​រក​ឃើញ​ថា ពលករ​មក​ពី​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​នៅ​ជិត​ខាង​ប្រទេស​ថៃ ដូច​ជា​មក​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ត្រូវ​បាន​ថៅកែ​ទូក​នេសាទ​របស់​ថៃ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

​ការ​រំលោភ​ទាំង​នោះ​រួម​មាន ការ​ទទួល​ប្រាក់​ខែ​មិន​បាន​ទៀង​ទាត់ ការ​ទទួល​បាន​ប្រាក់​ខែ​ទាប​ជាង​អប្បបរមា ការ​មិន​អាច​បង្កើត​សហជីព និង​ភាព​ខ្វះ​កិច្ច​ការពារ​ដោយ​ប្រព័ន្ធ​ច្បាប់​របស់​ថៃ។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជំរុញ​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ថែម​ការ​ដាក់​សម្ពាធ​ដល់​ប្រទេស​ថៃ​ដើម្បី​អោយ​មាន​ការ​គាំពារ​ដល់​សិទ្ធិ សុខភាព និង​សុវត្ថិភាព​របស់​ក្រុម​អ្នក​នេសាទ។

​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អាជ្ញាធរ​ថៃ នៅ​ឡើយ​ទេ ជុំវិញ​បញ្ហា​នេះ។

​ប្រទេស​ថៃ បាន​ទទួល​កាត​លឿង ជា​ការ​ព្រមាន​មួយ​ដែល​អាច​នាំ​ឲ្យ​ប្រទេស​មួយ​នេះ​អាច​ប្រឈម​នឹង​ការ​បិទ​មិន​ឲ្យ​នាំ​ចេញ​ផលិតផល​អាហារ​សមុទ្រ​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ គ្មាន​បទបញ្ជា និង​គ្មាន​ការ​រាយការណ៍។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក ធ្លាប់​បាន​ដាក់​ប្រទេស​ថៃ ចូល​ទៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​២ នៃ​បញ្ជី​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​រក​ឃើញ​ភាព​ខ្វះ​ចន្លោះប្រហោង​នៃ​ការ​អនុវត្ត​ច្បាប់​ជា​ច្រើន​របស់​រដ្ឋាភិបាល​ថៃ ថ្មី​សព្វ​ថ្ងៃ​នេះ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែទម្រង់ ខាង​ផ្នែក​ឧស្សាហកម្ម​នេសាទ​របស់​ខ្លួន។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ជំរុញ​អោយ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន ត្រូវ​មាន​ការ​ជឿជាក់​ចំពោះ​អាហារ​សមុទ្រ​ដែល​ពួកគេ​ទិញ​ពី​ប្រទេស​ថៃ មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឬ​ការ​បង្ខំ​កម្លាំង​ពលកម្ម​នោះ​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​ថៃ​ថ្មី​គ្មាន​ឆន្ទៈ​ក្នុង​ការ​បោសសំអាត​រឿង​អាស្រូវ​ដែល​បណ្ដាល​អោយ​មាន​អំពើ​ទាសភាព​នៅ​តាម​ទូក​នេសាទ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ឡើយ ហើយ​ថា​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន។

អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​បាន​ជំរុញ​ឱ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​បុគ្គល ឬ​ក្រុម​នាំ​ពលករ​ទាំង​ឡាយ​ណា​ដែល​បាន​ចូលរួម​ជាមួយ​បណ្ដាញ​ជួញដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​សហការ​រក​ស៊ី​ជាមួយ​មេខ្យល់​ក្នុង​ប្រទេស​ថៃ ក្នុង​ការ​ជួញដូរ​កម្លាំង​ក្មេង​មិន​ទាន់​គ្រប់​អាយុ និង​កម្លាំង​មនុស្ស​ប្រុស​ពេញ​វ័យ​ទៅ​ធ្វើ​ការ​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ។

​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កម្ពុជា​មិន​ដែល​បណ្ដែតបណ្ដោយ​អោយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ណា​មួយ​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះ​ឡើយ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ច័ន្ទ អំពាវនាវ​អោយ​ពលករ​ខ្មែរ​ទាំង​អស់​កុំ​ចាញ់​បោក​មេខ្យល់​ដែល​នាំ​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជៀស​អោយ​ផុត​ពី​អំពើ​ទាសភាព​ទាំង​ឡាយ៖ «រដ្ឋាភិបាល​មិន​ដែល​បណ្ដែតបណ្ដោយ​អោយ​ក្រុមហ៊ុន​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ។ ដំបូង​ឡើយ​មក​យើង​មិន​ទាន់​មាន​បទពិសោធន៍​តាំង​ពី​អាណត្តិ​មុនៗ​មក​ដែល​ក្រុមហ៊ុន​ហ្នឹង​ឆ្លៀត​ឱកាស​ដើម្បី​បោក​បញ្ឆោត​បងប្អូន​ដែរ។ ប៉ុន្តែ​តាម​ពិត​ទៅ អា​ហ្នឹង​វា​មិនមែន​ក្រុមហ៊ុន​ទៅ​ទៀត វា​គ្រាន់តែ​ជា​អា​អ្នក​មេខ្យល់​ទេ​ដែល​វា​មាន​បញ្ហា​អ៊ីចឹង។ ប្រសិនបើ​ក្រុមហ៊ុន​មាន​ការ​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល មាន​កិច្ចសន្យា​ច្បាស់លាស់​ទៅ ខ្ញុំ​យល់​ថា អត់​មាន​ជួប​ហានិភ័យ​ដល់​បងប្អូន​ទេ»

​អង្គការ​មូលនិធិ​យុត្តិធម៌​បរិស្ថាន (Environment Justice Foundation) ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​អ្នក​នេសាទ​ដែល​ត្រូវ​បាន​គេ​ជួញដូរ និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្រៅ​ដែន​ទឹក​ប្រទេស​ថៃ កំពុង​កើត​មាន​យ៉ាង​ច្រើន។

​កន្លង​មក​សហរដ្ឋអាមេរិក បាន​ទម្លាក់​កម្រិត​ប្រទេស​ថៃ ទៅ​ជា​ប្រទេស​ដែល​ជាប់​លំដាប់​ទី​៣ ជា​លេខ​រៀង​ទាប​បំផុត​ដោយសារ​តែ​ប្រទេស​នេះ​មិន​បាន​ការពារ​សិទ្ធិ​របស់​ពលករ​បរទេស​ដែល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here