HRW៖ កម្មករ​ខ្មែរ​នៅ​តែ​រងគ្រោះ​ដោយ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​ថៃ

0
140

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ពលករ​ចំណាកស្រុក​ខ្មែរ​ជាច្រើន​នាក់ នៅតែ​បន្ត​រងគ្រោះ​ដោយសារ​ការ​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ​ដដែល។ ខណៈ​រដ្ឋាភិបាល​យោធា​ថៃ​ព្រងើយ​កន្តើយ​មិន​ចាត់​វិធានការ​ចាំបាច់​នានា ដើម្បី​បញ្ឈប់​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​នៅ​លើ​ទូក​នេសាទ​នោះ។ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដាក់​ចេញ​នូវ​ចំណាត់​ការ​ជាក់លាក់ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​រងគ្រោះ និង​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​របស់​ថៃ​ទាំងនោះ។

ពលករ​ចំណាកស្រុក​ខ្មែរ​ជាច្រើន​នាក់​ដែល​បាន​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ អះអាង​ថា ពួកគាត់​រង​ការ​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ព្រមទាំង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ជាច្រើន​ពី​សំណាក់​មេការ​ទូក​នេសាទ ថៅកែ​ទូក និង​អាជ្ញាធរ​ថៃ។ ភាព​រងគ្រោះ​ទាំងនោះ មាន​ដូចជា ការ​ប្រើ​អំពី​ហិង្សា ការ​ហាមឃាត់​មិន​ឱ្យ​ប្ដូរ​កន្លែង​ធ្វើការ ការ​បើក​ប្រាក់ខែ​មិន​ទៀងទាត់ ប្រាក់ខែ​ទាប​ជាង​ប្រាក់​ឈ្នួល​អប្បបរមា ការ​មិន​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់​របស់​ប្រទេស​ថៃ និង​គ្មាន​សិទ្ធិ​បង្កើត​សហជីព​ការងារ​ជាដើម។

ការ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ​ទាំងនេះ ធ្វើ​ឡើង​តាមរយៈ​របាយការណ៍​កម្រាស់​ជាង ១ រយ​ទំព័រ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ចំណង​ជើង​ថា “​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​អាថ៌កំបាំង” ដែល​និយាយ​អំពី​ការ​រំលោភ​សិទ្ធិ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​នេសាទ​របស់​ប្រទេស​ថៃ។

របាយការណ៍​នេះ ធ្វើឡើង​ផ្អែកលើ​បទសម្ភាសន៍ និង​ការស្រាវជ្រាវ​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧ ដោយមាន​ការ​ប្រឹក្សា​យោបល់​ត្រឹមត្រូវ​ពី​ក្រុម​អ្នក​ជំនាញ។ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ជួប​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​កម្មករ និង​អតីត​កម្មករ​ទូក​នេសាទ​ចំនួន ២៤៨នាក់ ដែល​ភាគច្រើន​គឺជា​ពលរដ្ឋ​ខ្មែរ និង​ភូមា។

យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​ថា ការ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ គឺជា​ការងារ​ដ៏​គ្រោះថ្នាក់ ព្រោះ​មិន​មាន​ប្រព័ន្ធ​ការពារ​សុខភាព និង​សុវត្ថិភាព ហើយ​អ្នកនេសាទ​ត្រូវ​ធ្វើការ​ជាមួយ​គ្រឿង​ម៉ាស៊ីន បណ្ដាញ​អគ្គិសនី និង​បំពង់ផ្សែង​ក្ដៅ​ខ្លាំង ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។ ការប្រើប្រាស់​គ្រឿង​ស្រវឹង ថ្នាំ​ជំនួយ​កម្លាំង និង​អំហ្វេតាមីន​ច្រើន​លើស​កម្រិត បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​លើ​ទូក​នេសាទ​ថៃ។

យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​ទៀត​ថា កង្វះខាត​ការ​បណ្តុះបណ្តាល ទូក​នេសាទ​ដែល​មិនបាន​ថែទាំ​ត្រឹមត្រូវ ឧបសគ្គ​ខាង​ភាសា និង​កង្វះខាត​បរិក្ខារ​ដែល​មាន​សុវត្ថិភាព ធ្វើ​ឱ្យ​អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះថ្នាក់ ការ​រង​របួស និង​ការ​ស្លាប់។

ម្យ៉ាងវិញទៀត ទូក​នេសាទ​ភាគច្រើន​ខ្វះ​បន្ទប់ទឹក ហើយ​ប្រឈម​នឹង​អាកាសធាតុ​មិន​ល្អ​នៅ​លើ​សមុទ្រ​ផង ធ្វើ​ឱ្យ​អ្នកនេសាទ​ភាគច្រើន​កើត​ជំងឺ​ផ្សេងៗ ដូចជា រាគ​រូស គ្រុន​ក្ដៅ ពុលរលក ខ្សោយ​បេះដូង និង​ជំងឺ​ប្លែកៗ​ជាច្រើន​មុខ​ទៀត ហើយ​ក្នុង​ករណី​កម្មករ​ទូក​ណា​ដែល​ឈឺ​ញឹកញាប់ ថៅកែ​នឹង​កាត់​ប្រាក់ខែ​របស់​គេ​ទៀត​ផង។

ការ​ផ្លាស់ប្ដូរ​គ្នា​នៅ​លើ​សមុទ្រ​រវាង​ទូក​នេសាទ​នឹង​ទូក​នេសាទ ក៏​ជា​បញ្ហា​ប្រឈម​សំខាន់​មួយ​ដែរ​។ វា​ធ្វើ​ឱ្យ​ទូក​នេសាទ​នោះ​ស្ថិត​នៅ​លើ​សមុទ្រ​រយៈពេល​ជាច្រើន​ខែ ឬ​ដល់​ឆ្នាំ​ផង​ក៏​មាន និង​បណ្ដាល​ឱ្យ​មាន​ការ​ជួញដូរ​កម្លាំង​ពលកម្ម​បន្ត​ទៀត។

អ្នកនេសាទ​ខ្មែរ​ម្នាក់​មកពី​ខេត្ត​ស្វាយរៀង គឺ​លោក អ៊ំ ចាន់ ថ្លែង​ថា គាត់​ត្រូវ​បាន​គេ​ជួញដូរ​ក្នុង​រយៈ​ចម្ងាយ​ជាង ៧ពាន់​គីឡូម៉ែត្រ តាម​កប៉ាល់​ដឹក​គ្រឿង​សមុទ្រ​មួយ ពី​ខេត្ត​សាមុទ្រសាខន ប្រទេស​ថៃ ទៅ​ដល់​តំបន់​ដាច់ស្រយាល​មួយ​នៃ​ឆ្នេរ​អាហ្វ្រិក​ខាងលិច ជា​កន្លែង​ដែល​គាត់​បាន​ចំណាយ​ពេល ១៣​ខែ ធ្វើការ​នៅ​ទីនោះ មុន​ពេល​ជួយសង្គ្រោះ​ដោយ​ក្រុម​អាជ្ញាធរ​ល្បាត​សមុទ្រ​របស់​ថៃ។

ចំណែក​នៅ​ឯ​ដីគោក​វិញ អ្នកនេសាទ​ទាំងនោះ​ក៏​មិន​មាន​សេរីភាព​ដើរហើរ​ផង​ដែរ។ ពួកគាត់​ត្រូវ​រង​នូវ​ការ​គំរាមកំហែង​ទាំង​ខាង​រូប​កាយ និង​ផ្លូវចិត្ត​ពី​សំណាក់​មេខ្យល់ មេការ​ទូក ថៅកែ និង​អាជ្ញាធរ​ថៃ​។ ហើយ​ពេលខ្លះ​ត្រូវ​បាន​ឃុំឃាំង​នៅ​ទីតាំង​របស់​ក្រុមហ៊ុន​មិន​ឱ្យ​ចេញទៅ​ណា​ទៀត​ផង។

ឧទាហរណ៍​អ្នកនេសាទ​ខ្មែរ​ម្នាក់​មកពី​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ផុន សុភ័ក្ត្រ ត្រូវ​បាន​គេ​ជួញដូរ​យក​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៃ​មហាសមុទ្រ​ឥណ្ឌា។ សុភ័ក្ត្រ និង​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​ចំនួន ២៨​នាក់​ផ្សេងទៀត ត្រូវ​បាន​ថៅកែ​ឃុំឃាំង​នៅ​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន ដើម្បី​កុំ​ឱ្យ​ពួកគាត់​លួច​រត់។ ពួកគាត់​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៣​ម៉ឺន​បាត ឬ​ប្រហែល ៩​រយ​ដុល្លារ​អាមេរិក ដើម្បី​នាំ​យក​ទៅ​ធ្វើការ​លើ​ទូក​នេសាទ។

អ្នកនេសាទ​ខ្មែរ និង​ភូមា ដែល​ធ្វើការ​លើ​ទូក​នេសាទ​ថៃ បាន​អះអាង​ប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ពួកគាត់​ទទួលរង​នូវ​ការ​ប្រើ​អំពើ​ហិង្សា ការ​វាយដំ និង​គំរាមកំហែង​គ្រប់​បែប​យ៉ាង​ពី​សំណាក់​មេការ​ទូក​នេសាទ និង​កម្មករ​ទូក​ដូចគ្នា​ដែល​ធ្វើការ​យូរ​ឆ្នាំ​ជាង ប្រសិនបើ​ពួកគាត់​ធ្វើការ​មិន​លឿន​ដូច​ការ​ចង់បាន​របស់​ពួកគេ​ទេ​នោះ។ ពេល​ខ្លះ​ទៀត​ពួកគាត់​ត្រូវ​គេ​វាយដំ​ដោយសារតែ​មិន​យល់​ពី​បញ្ជា​របស់​មេការ​ព្រោះតែ​និយាយ​ភាសា​ខុសគ្នា។

ពួកគាត់​បន្ត​ថា ក្រៅ​ពី​ដាល់ និង​ទាត់​ធាក់ មេការ និង​កម្មករ​ទូក​ជើង​ចាស់ បាន​ប្រើប្រាស់​ថ្មសំលៀង​កាំបិត ដែក​តាន់ ខ្សែតី ខ្សែពួរ និង​គល់ឈើ វាយ​ទៅលើ​ពួកគាត់​ផង​ដែរ ហើយ​លើស​ពី​នេះ គឺ​ការ​ចាប់​ច្រមុជ​ទឹក និង​យក​ជើង​ជាន់​ក្បាល​របស់​ពួកគាត់​ថែមទៀត។ កាន់តែ​សាហាវ​ជាង​នេះ គឺ​ពួក​មេការ ឬ​ថៅកែ​នឹង​សម្លាប់​អ្នកណា​ដែល​ហ៊ាន​រត់គេច​ហើយ​ត្រូវ​ពួកគេ​ចាប់​ខ្លួន​បាន​មកវិញ ឬក៏​អ្នក​ដែល​ធ្វើ​ឱ្យ​ខូចខាត​ឧបករណ៍​នេសាទ។ ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង និង​ការ​ធ្វើបាប​នេះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ខំ​កម្មករ​ឱ្យ​ស្ដាប់​តាម​បញ្ជា និង​ដើម្បី​កុំ​ឱ្យ​ពួកគាត់​រត់គេច​ខ្លួន។

អតីត​អ្នកនេសាទ​ខ្មែរ​ម្នាក់ គឺ​លោក ហាក់ ណាំ បាន​អះអាង​ប្រាប់​យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក​ត្រូវ​បាន​មេខ្យល់​បោកប្រាស់​ថា នាំ​យក​ទៅ​ឱ្យ​ធ្វើ​ការ​នៅ​រោងចក្រ​ត្រី​ខ​កំប៉ុង ក៏ប៉ុន្តែ​ពេល​ទៅ​ដល់ គេ​ក៏​នាំ​ពួក​លោក​ចុះទូក​នេសាទ​ទៅវិញ។ លោក​ថ្លែង​បន្ត​ជា​ភាសា​ថៃ​ថា គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច ដោយសារ​ដឹង​ថា ចាញ់​បោក​មេខ្យល់ ហើយ​ម្យ៉ាង​មិន​ធ្លាប់​ធ្វើការ​លើ​ទូក​ពី​មុន​មក​ផង។

បន្ទាប់ពី​បាន​ក្លាយ​ជា​កម្មករ​ទូក​នេសាទ លោក ហាក់ ណាំ បាន​បាត់​ដំណឹង​សូន្យឈឹង​រហូតដល់​គ្រួសារ​របស់​លោក​គិត​ថា លោក​បាន​ស្លាប់​ទៅ​ហើយ៖ «មេខ្យល់​បាន​ប្រាប់​ពួក​យើង​ថា ពួក​យើង​នឹង​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ត្រី​ខ​កំប៉ុង ប៉ុន្តែ​ពេល​ពួក​យើង​មកដល់​ផ្ទះ​របស់​ម្ចាស់​ទូក ពួកគេ​ក៏​នាំ​យក​ទៅ​ចុះទូក​តែម្ដង។ មាន​គ្នា​យើង​ខ្លះ​មិន​ធ្លាប់​បាន​ឡើង​ទូក​ផង​ពី​មុន​មក។ ពួក​យើង​មាន​អារម្មណ៍​ភ័យខ្លាច។ ម្ចាស់​ទូក​បាន​ទាត់​ពួក​យើង និង​បង្ខំ​ឱ្យ​ចុះទូក។ ពេល​ដែល​ខ្ញុំ​មកដល់​ផ្ទះ គ្រប់គ្នា​ក៏​យំ ទាំង​ឪពុកម្ដាយ និង​យាយ​តា​របស់ខ្ញុំ​សុទ្ធតែ​យំ​ទាំងអស់​គ្នា។ សាច់ញាតិ​របស់​ខ្ញុំ​សុទ្ធតែ​យល់ថា ខ្ញុំ​បាន​ស្លាប់​បាត់​ទៅ​ហើយ ព្រោះ​ខ្ញុំ​បាន​បាត់​ខ្លួន​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ»។

ការស្ទង់មតិ​បង្ហាញ​ថា ២០​ភាគរយ​នៃ​កម្មករ និង​ប្រហែល ៥០​ភាគរយ​នៃ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​ក្នុង​វិស័យ​នេសាទ​របស់​ថៃ ទទួល​រង​គ្រោះថ្នាក់​ការងារ ក៏ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ។

កម្មករ​ទូក​នេសាទ​អះអាង​ថា កត្តា​សំខាន់​ដែល​នាំ​ឱ្យ​ពួកគាត់​ធ្លាក់​ចូល​ក្នុង​ឧស្សាហកម្ម​នេសាទ​របស់​ថៃ​នេះ គឺ​តាមរយៈ​ការ​ឱ្យ​យោបល់​ពី​មិត្តភ័ក្ដិ សាច់ញាតិ ឬមួយ​ក៏​អ្នក​ស្គាល់​គ្នា​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់ នៅ​តំបន់​ក្បែរ​ព្រំដែន ឬក៏​អំឡុង​ពេល​ពួកគាត់​ធ្វើការ​ក្នុង​វិស័យ​ដទៃ​នៅ​ប្រទេស​ថៃ ដូចជា សំណង់ កសិកម្ម និង​ការផលិត​ជាដើម។ មូលហេតុ​នៃ​ការសម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​នេះ គឺ​ដោយសារតែ​ភាព​ក្រីក្រ និង​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​លំបាកលំបិន​នៅ​ក្នុង​សហគមន៍ ការ​ទៅ​រស់នៅ​ជុំ​សមាជិក​គ្រួសារ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ជម្លោះ​ជាមួយ​សមាជិក​គ្រួសារ​ក្នុង​ប្រទេស​កំណើត។

បញ្ហា​ប្រឈម​សំខាន់​មួយទៀត​របស់​ក្រុម​កម្មករ​ទូក​នេសាទ គឺ​ការ​រឹតត្បិត​សិទ្ធិ​ស្របច្បាប់​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ព្រោះ​លិខិត​ឆ្លងដែន​ហាក់​មិន​សូវ​មាន​ប្រយោជន៍​ដូច​ប័ណ្ណ​ពណ៌​ផ្កាឈូក​ដែល​ចេញ​ដោយ​អាជ្ញាធរ​ថៃ​នោះ​ឡើយ។

ពលករ​ចំណាកស្រុក​ខ្មែរ​ម្នាក់​ឈ្មោះ កុសល ដែល​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​ក្នុង​ខេត្ត​ប៉ាត់តានី អះអាង​ថា ទោះបី​ជា​មាន​លិខិតឆ្លងដែន​ក្ដី ក៏​ពួកគាត់​បោះ​វា​ចោល​ដែរ ព្រោះ​វា​មិនបាន​ជួយ​អ្វី​ច្រើន​នោះ​ទេ ដោយសារ​ថៅកែ​ទូក​នឹង​ឱ្យ​ប័ណ្ណ​ពណ៌​ផ្កាឈូក​ទៅ​ពួកគាត់​ជំនួស​វិញ។

ប័ណ្ណ​ពណ៌​ផ្កាឈូក​នោះ​ទៀតសោត ក៏​មិន​ផ្ដល់​សិទ្ធិ​ការពារ​ដល់​កម្មករ​ទូក​នេសាទ​ដូច​កម្មករ​ចំណាកស្រុក​ទូទៅ​នោះ​ទេ ព្រោះ​វា​បង្ហាញ​ពី​ឈ្មោះ​ថៅកែ និង​ខេត្ត​ដែល​ពួកគេ​ត្រូវ​ចុះឈ្មោះ​ធ្វើការ។ ប្រសិនបើ​ចង់​ធ្វើដំណើរ​ទៅ​ខេត្ត​ដទៃ កម្មករ​ទូក​ទាំងនោះ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត ឬ​ពី​ថៅកែ​របស់​ពួកគាត់ ហើយ​ការ​ធ្វើ​ដំណើរ​នោះ គឺ​កំណត់​ត្រឹម​រយៈពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។ កម្មករ​ទូក​ដែល​មាន​ប័ណ្ណ​ពណ៌​ផ្កាឈូក​នោះ អាច​ទទួល​បាន​នូវ​យន្តការ​ការពារ​សង្គម​ខ្លះៗ ក៏ប៉ុន្តែ​ពួកគាត់​មិន​អាច​ទាមទារ​សំណង​អ្វី​បាន​ឡើយ​ចំពោះ​គ្រោះថ្នាក់​ការងារ។

ការ​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ពណ៌​ផ្កាឈូក​នោះ គឺ​ចំណាយ​អស់​ជិត ១​រយ​ដុល្លារ​អាមេរិក ហើយ​វា​ជា​បន្ទុក​របស់​កម្មករ​ខ្លួនឯង តាមរយៈ​ការ​កាត់​ប្រាក់ខែ​ពី​ថៅកែ​ទូក​របស់​ពួកគាត់។ កម្មករ​ទាំងនោះ​អះអាង​ថា ពួកគាត់​ត្រូវ​បង់​ឱ្យ​ថៅកែ​លើស​ពី​ការកំណត់​របស់​អាជ្ញាធរ​ថៃ​ចន្លោះ​ពី ១៥ ទៅ ៣០ ដុល្លារ​អាមេរិក ដោយសារ​ពួកគាត់​មិនបាន​ដឹង​ពី​តម្លៃ​ដែល​មាន​កំណត់​នៅ​ក្នុង​ច្បាប់​នោះ​ទេ ព្រោះ​ថៅកែ​មិន​ប្រាប់​ពួកគាត់​ឡើយ។

ថ្លៃ​ប័ណ្ណ​ពណ៌​ផ្កាឈូក​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ចំណាយ​សព្វគ្រប់​របស់​កម្មករ​ទូក​ទៅ​មេខ្យល់ និង​ថៅកែ​ទូក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​កម្មករ​ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌក។ ការ​ចំណាយ​ទាំងនោះ​រួមមាន ការ​ធ្វើ​ដំណើរ ម្ហូបអាហារ ការ​រត់ការ​ឯកសារ ថ្លៃ​រដ្ឋបាល និង​ថ្លៃ​រើស​បុគ្គលិក ហើយ​ការ​ចំណាយ​លើ​មុខការ​ជាក់លាក់​នីមួយៗ​នោះ ថៅកែ​ទូក​មិន​ប្រាប់​ទៅ​ក្រុម​កម្មករ​នោះ​ទេ។ ហើយ​បើ​ពួកគាត់​ហ៊ាន​ប្ដូរ​កន្លែង​ធ្វើការ ថៅកែ​នឹង​មិន​បើក​លុយ​ឱ្យ​ឡើយ។

ម្យ៉ាងវិញទៀត ក្រុម​កម្មករ​ខ្មែរ​អះអាង​ថា មេការ​ទូក ឬ​ថៅកែ គឺជា​អ្នក​ទុកដាក់​ប័ណ្ណ​ពណ៌​ផ្កាឈូក​នោះ ហើយ​ដរាបណា​ពួកគាត់​មាន​ហេតុផល​សមរម្យ ទើប​មេការ ឬ​ថៅកែ​ទូក ឱ្យ​ប័ណ្ណ​នោះ​មក​ពួកគាត់​វិញ។ តែ​ក៏​មាន​មេការ ឬ​ថៅកែ​ទូក​ខ្លះ​មិន​ឱ្យ​ប័ណ្ណ​ផ្កាឈូក​នោះ​មក​ពួកគាត់​ដែរ ដោយ​លើក​ហេតុផល​ថា ទុក​នៅ​នឹង​ពួកគេ​ទើប​មាន​សុវត្ថិភាព​ជាង ឬក៏​ចាំ​ដល់ពេល​ដែល​កម្មករ​សង​បំណុល​ពួកគេ​ចប់​សព្វគ្រប់។ នេះ​គឺជា​ល្បិចកល​ដែល​ពួក​ថៅកែ​ទូក​ប្រើប្រាស់ ដើម្បី​ចង​កម្មករ​មិន​ឱ្យ​ចេញទៅ​ណា​រួច​ពី​ទូក​នេសាទ​របស់​ពួកគេ។

មន្ត្រី​ថៃ​ម្នាក់​បាន​ប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា មាន​ហេតុផល ៥យ៉ាង​ដែល​កម្មករ​អាច​ប្ដូរ​ថៅកែ​បាន គឺ​ទីមួយ ថៅកែ​នោះ​ស្លាប់ ទី​ពីរ ក្រុមហ៊ុន​នោះ​បិទទ្វារ ទី​បី ថៅកែ​លែង​ចង់​ជួល​កម្មករ ទី​បួន​ថៅកែ​គ្មាន​លុយ​បើក​ឱ្យ​កម្មករ ឬ​ទី​ប្រាំ កម្មករ​ខ្លួនឯង​រង​ការ​រំលោភ​បំពាន​ខ្លាំង​ពេក។

ចំណែក​ឯ​រឿង​កិច្ចសន្យាការងារ​វិញ ក្រុម​កម្មករ​ទូក​នេសាទ​ទាំងនោះ ក៏​មិនដែល​បាន​ដឹង​លឺ​អ្វី​ដែរ គឺ​ថៅកែ​ជា​អ្នក​ទុកដាក់​ទាំងអស់។

ក្រុម​កម្មករ​ខ្មែរ​អះអាង​ថា ពួកគាត់​មិនបាន​ឃើញ​កិច្ចសន្យាការងារ​ជាក់លាក់​រវាង​ពួកគាត់ និង​ថៅកែ​ឡើយ ព្រោះ​ថៅកែ​មិន​ឱ្យ​មើល ដូច្នេះ​ពួកគាត់​មិនបាន​ដឹង​ទេ​ថា ថៅកែ​បើក​លុយ​ឱ្យ​គ្រប់​ចំនួន​តាម​កិច្ចសន្យា​ដែរ​ឬ​អត់​។ ហើយ​ដោយសារតែ​មិន​អាច​តតាំង​ជាមួយ​ថៅកែ​បាន ពួកគាត់​ខ្លះ​សុខចិត្ត​ទទួលយក​ប្រាក់​ឈ្នួល ៦ ពាន់​បាត ឬ​ប្រហែល ១៨០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ដោយ​ពួកគាត់​ត្រូវ​ធ្វើ​ការ​ដល់​ទៅ ២៥​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​ធ្វើការ​រហូត​ដល់ ១៩ម៉ោង​ទើប​បាន​ឈប់​សម្រាក។

មាន​អ្នក​ខ្លះ​ទៀត​ទទួល​បាន​ត្រឹមតែ ៤ ពាន់ ៦ រយ​បាត ឬ​ប្រហែល ១៤០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​មួយ​ខែ ហើយ​ប្រាក់​ឈ្នួល​នេះ​ទៀតសោត ក៏​មិន​ត្រូវ​បាន​ថៅកែ​បើក​ឱ្យ​ទៀងទាត់​នោះ​ដែរ គឺ​ជា​ច្រើន​ខែ​ទើប​ថៅកែ​បើក​ឱ្យ​ម្ដង និង​អ្នកខ្លះ​មាន​ដល់​មួយ​ឆ្នាំ​ទើប​បើក​អោយ។ ដោយសារ​បញ្ហា​នេះ ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ខ្ចី​លុយ​ពី​ថៅកែ​ដើម្បី​យក​មក​ទប់​ទល់នឹង​ការ​ចំណាយ និង​ផ្ញើ​ទៅ​ស្រុក​ខ្លះ ក្នុង​អត្រា​ការប្រាក់​ដ៏​ខ្ពស់ គឺ ២០ ភាគរយ​ក្នុង​មួយ​ខែ ដូច្នេះ​លុយ​ដែល​ពួកគាត់​ទទួល​បាន​គឺ​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ បន្ទាប់ពី​កាត់កង​ការ​ចំណាយ និង​បំណុល​របស់​ថៅកែ​រួច។

ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ប្រធាន​សមាគម​នេសាទ​ជាតិ​របស់​ប្រទេស​ថៃ លោក មង្គល ស៊ុកឆារើនខាណា (Mongkol Sukcharoenkana) បាន​បដិសេធ​ថា មិន​មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដូច​ពីមុន​ទៀត​ឡើយ ត្បិត​រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​រឿង​នេះ​រួចរាល់​ហើយ៖ «កាល​ពី​មុន យើង​ប្រើ​កម្លាំង​ពលកម្ម​ខុសច្បាប់។ ដោយសារ​កម្លាំង​ពលកម្ម​ច្រើន ដូច្នេះ​ឱកាស​នៃ​ការ​ជួញដូរ​កម្មករ​ក៏​មាន​ច្រើន​ដែរ ប៉ុន្តែ​បច្ចុប្បន្ន រឿង​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​អស់ហើយ។ គ្មាន​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ដូច​កាលពីមុន​ទៀត​ទេ។ អតិថិជន​នៅ​អាមេរិក និង​អឺរ៉ុប​អាច​ទទួលទាន​គ្រឿង​សមុទ្រ​របស់​យើង​បាន​ហើយ ត្បិត​អ្វី​គ្រប់យ៉ាង​សុទ្ធតែ​ល្អ​អស់ហើយ។ រដ្ឋាភិបាល​សព្វថ្ងៃ​បាន​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​រួចរាល់​ហើយ។ ទាំង​ទូក​នេសាទ និង​កម្មករ​ទាំងអស់​សុទ្ធតែ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​អស់​ហើយ មិន​មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ទៀត​នោះ​ទេ»។

ទោះបីជា​យ៉ាង​ណា បន្ទាប់ពី​ចុះទៅ​ស៊ើបអង្កេត​គ្រប់​កំពង់ផែ​ក្នុង​ប្រទេស​ថៃ និង​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកនេសាទ​រាប់​រយ​នាក់​រួចមក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​ថា កំណែទម្រង់​របស់​រដ្ឋាភិបាល​យោធា​ថៃ​ទាក់ទង​នឹង​រឿង​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​នេះ គឺ​មិន​បាន​ផល​អ្វី​នោះ​ទេ។

អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ស៊ូណៃ ផាស៊ុក (Sunai Phasuk) ថ្លែង​ថា រដ្ឋាភិបាល​ថៃ កាលពី​ឆ្នាំ​២០១៤ បាន​ឆ្លើយតប​នឹង​សម្ពាធ​អន្តរជាតិ​តាមរយៈ​ការប្រកាស​អំពី​កំណែទម្រង់​ដ៏​ធំ​ក្នុង​វិស័យ​នេសាទ ដែល​មាន​ដូចជា ដាក់​ចេញ​នូវ​ច្បាប់ បទបញ្ញត្តិ និង​គោលការណ៍​ជាច្រើន ដើម្បី​រក​ឱ្យ​ឃើញ​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​រំលោភបំពាន​ផ្សេងទៀត ក៏​ប៉ុន្តែ​ចំណាត់ការ​ទាំងអស់​នោះ គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ៖ «ឥលូវ​នេះ​ថៅកែ​ទូក​នេសាទ និង​សមាគម​គ្រឿង​សមុទ្រ​កំពុងតែ​ស្រែក​ក្ដែងៗ​ថា ការ​រំលោភបំពាន​សិទ្ធិ​នានា​ត្រូវ​បាន​លុបបំបាត់​អស់ហើយ។ ពួកគេ​ក៏​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បរទេស និង​ហាង​លក់​គ្រឿង​សមុទ្រ​អន្តរជាតិ​ថា កំណែទម្រង់​នេះ គឺ​មាន​ប្រសិទ្ធភាព។ ក៏ប៉ុន្តែ ពេល​និយាយ​ដល់​រឿង​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នកនេសាទ​ប្រសើរ​ឡើង​នោះ បទបញ្ញត្តិ​ថ្មី​របស់​រដ្ឋាភិបាល​គឺ​គ្មាន​ប្រសិទ្ធភាព​អ្វី​ជា​ដុំកំភួន​ឡើយ ហើយ​បញ្ហា​ចាស់ៗ​ជាច្រើន​នៅតែ​កើតមាន​ដដែល។ បញ្ហា​ដែល​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នោះ គឺ​អ្នកនេសាទ​ជាច្រើន​នៅតែ​ធ្វើការ​ច្រើន​ម៉ោង​ដោយ​ទទួល​បាន​កម្រៃ​តិច ប្រឈម​នឹង​ការ​រំលោភបំពាន​គ្រប់​បែប​យ៉ាង​ពី​ម្ចាស់​ទូក និង​គ្មាន​ផ្លូវ​គេច​ចេញពី​ស្ថានភាព​ដ៏​លំបាក​របស់​ពួកគាត់​ឡើយ»។

ធនាគារ​ពិភពលោក​រាយការណ៍​ថា ប្រទេស​ថៃ​មាន​ចំនួន​កម្មករ​ចំណាកស្រុក​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជិត ៤ លាន​នាក់ (៣.៧៦) នៅ​ក្នុង​ឆ្នាំ​២០១៥ ក្នុង​នោះ ៥៣ ភាគរយ​មកពី​ប្រទេស​ភូមា ២៦ ភាគរយ​មកពី​ប្រទេស​ឡាវ និង ២១ ភាគរយ​មកពី​កម្ពុជា។ ចំណែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​វិញ បង្ហាញ​ថា កម្មករ​ចំណាកស្រុក​កម្ពុជា ឡាវ និង​ភូមា​ដែល​បាន​ចុះឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មាន​ចំនួន​ជិត ២លាន​នាក់ (១,៧២៦,៤១៥) ក្នុង​នោះ​ជិត ៥​ម៉ឺន​នាក់ ចុះឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ។

ដោយសារ​មាន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​បាន​ធ្លាក់ខ្លួន​ចូល​ក្នុង​អំពើ​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ​បែបនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គិត​គូរ និង​ចាត់វិធានការ​ជាក់លាក់​នានា ដើម្បី​ការពារ និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន។

អនុសាសន៍​របស់​យូមែន រ៉ៃត៍ វ៉ច្ឆ សម្រាប់​រដ្ឋាភិបាល​កម្ពុជា មាន ៦ចំណុច។ ទីមួយ គឺ​ស៊ើបអង្កេត និង​ដាក់ទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​ទទួលខុសត្រូវ និង​ចូលរួម​ក្នុង​បណ្ដាញ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​សហការ​ជាមួយ​ឈ្មួញ​កណ្ដាល​នៅ​ក្នុង​ប្រទេស​ថៃ​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​ផ្គត់ផ្គង់​បុរស និង​ក្មេង​ប្រុស​ទៅកាន់​ទូក​នេសាទ​ថៃ។

ទី​ពីរ គឺ​ជួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​កាត់ទោស​អ្នក​ជួញដូរ​មនុស្ស ជួយ​បង្ក​បរិយាកាស​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព និង​រិះរក​យុទ្ធសាស្ត្រ​ផ្សេងទៀត​ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ពលករ​ចំណាកស្រុក​គ្រប់​ប្រភេទ។

ទី​បី គឺ​ដាក់​ចេញ​នូវ​បទបញ្ញត្តិ​នានា ដើម្បី​កាត់បន្ថយ​ថ្លៃឈ្នួល​រើស​បុគ្គលិក​ខ្ពស់​កប់​ពពក ដែល​ក្រុមហ៊ុន​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ទាមទារ​ពី​ក្រុម​ពលករ តាមរយៈ​មធ្យោបាយ​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា។ រដ្ឋាភិបាល​ក៏​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​នាំ​ពលករ​ចេញ តាមរយៈ​ការ​លុបឈ្មោះ​ក្រុមហ៊ុន និង​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ប្រធាន​ក្រុមហ៊ុន ពេល​ពួកគេ​ហ៊ាន​យក​ថ្លៃឈ្នួល​បន្ថែម ដែល​ធ្វើ​ឱ្យ​ក្រុម​ពលករ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​នៅ​ក្នុង​ប្រទេស​ថៃ។

ទី​បួន គឺ​ណែ​នាំ​ឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ឱ្យ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ឬ Hotlinesដើម្បី​ផ្ដល់​ជំនួយ និង​គាំទ្រ​ផ្សេងៗ​ដល់​ពលករ​ខ្មែរ​ដែល​ទទួលរង​ការ​ជួញដូរ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​រំលោភបំពាន​សិទ្ធិ​ពលកម្ម​ដទៃ​ទៀត។

អនុសាសន៍​ចុងក្រោយ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់វិធានការ​ចំពោះ​ការ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​ថៃ ព្រមទាំង​ដាក់ទោស​ទណ្ឌ​ដល់​ម្ចាស់​ទូក និង​មន្ត្រី​ពុករលួយ​ណា ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅលើ​កម្មករ​ទូក​នេសាទ៕

RFA ដោយ តាំង សារ៉ាដា

LEAVE A REPLY

Please enter your comment!
Please enter your name here