កម្មករ​ដេក​តវ៉ា​នៅ​រោងចក្រ​ក្នុង​ក្រុង​តាខ្មៅ​ថា​មាន​អ្នក​ទៅ​អុកឡុក​ពួក​គាត់​នៅ​ពេល​យប់

0
236

កម្មករ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (GAWON Apparel) នៅ​ក្រុង​តាខ្មៅ ខែត្រ​កណ្ដាល ដែល​នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​បោះតង់​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ជិត​ពីរ​ខែ​មក​នេះ​ប្រាប់​ថា មាន​ជើងកាង​ទៅ​រំខាន​ពួកគាត់​រាល់​យប់​ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​បែប​នេះ​ត​ទៅ​ទៀត។

កម្មករ​ដែល​នៅ​ទ្រាំ​ដេក​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ជា​ស្ត្រី។ ក្រុម​កម្មករ​អះអាង​ថា ការ​តស៊ូ​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំង​យប់ គឺ​ដើម្បី​ការពារ​សម្ភារៈ​រោងចក្រ ក្រោយ​ពេល​កម្មករ​សង្ស័យ​ថា ថៅកែ​រោងចក្រ​ហ្គាវ័ន ជា​ជនជាតិ​កូរ៉េ មាន​បំណង​លួច​ដឹក​សម្ភារៈ​ចេញ បិទ​រោងចក្រ​ដោយ​ស្ងាត់ៗ ដោយ​មិន​ព្រម​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ឲ្យ​កម្មករ។

​កម្មការិនី​ម្នាក់​ដែល​តវ៉ា​រាល់​យប់​នៅ​មុខ​រោងចក្រ អ្នកស្រី ថូ ណៃយៀប អះអាង​ថា នៅ​ប៉ុន្មាន​យប់​ចុង​ក្រោយ​នេះ មាន​ក្រុម​ជន​អនាធិបតេយ្យ​ជា​ច្រើន​មក​រំខាន​ដំណេក​របស់​ក្រុម​កម្មការិនី។ ពួកគាត់​សង្ស័យ​ថា ក្រុម​ទាំង​នោះ​គឺ​ជា​ជើងកាង​ប្រចាំ​រោងចក្រ ដែល​ថៅកែ​បង្គាប់​ឲ្យ​មក​ធ្វើ​បាប​កម្មការិនី​ដើម្បី​បំភ័យ​កុំ​ឲ្យ​នាំគ្នា​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ទៀត ព្រោះ​មិន​អាច​ដឹក​សម្ភារៈ​ចេញ​ក្រៅ​បាន៖ «»។

កម្មករ​រោងចក្រ​ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ដេក​យាម​នៅ​មុខ​រោងចក្រ តាំង​ពី​អំឡុង​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយសារ​ថៅកែ​មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ប្រចាំខែ​ឲ្យ​ពួកគាត់ និង​សង្ស័យ​ថា ថៅកែ​មាន​ចេតនា បិទ​រោងចក្រ​ស្ងាត់ៗ និង​លួច​ដឹក​សម្ភារៈ​ចេញ​ដោយ​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ថៅកែ​រោងចក្រ អ្នកស្រី ឆា ក្យុងហ៊ី បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខែត្រ​កណ្ដាល ថា ការ​ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី តម្រូវ​តាម​ការ​បញ្ជា​ទិញ​របស់​ភ្ញៀវ​ថ្មី។ ថៅកែ​រោងចក្រ​បាន​ហៅ​ការ​តវ៉ា​របស់​កម្មករ ថា​គឺ​ជា​សកម្មភាព​ខុស​ច្បាប់។ លុះ​ដល់​ថ្ងៃ​ទី​៤ ខែ​មករា កម្មករ​ជិត ៦០០​នាក់ ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ ក្រោយ​ពេល​ពួកគេ​តវ៉ា​នៅ​មុខ​រោងចក្រ ដោយ​មិន​ព្រម​ចូល​ធ្វើ​ការ​តាម​ការ​កំណត់​របស់​ថៅកែ។ ក្រុម​កម្មករ​បាន​ចោទ​ថា ថៅកែ​រោងចក្រ​ហ្គាវ័ន បាន​រំលោភ​ច្បាប់​ការងារ និង​រំលោភ​សិទ្ធ​របស់​កម្មករ។

បើ​ទោះ​ជា​ថៅកែ​ចេញ​លិខិត​បញ្ឈប់ ក៏​កម្មករ​ភាគ​ច្រើន​នៃ​រោងចក្រ​នេះ នៅតែ​បន្ដ​នាំ​គ្នា​វេច​មុង​ភួយ​ចាន​ឆ្នាំង​ទៅ​បោះតង់ ក្រាល​កន្ទេល ដេក​នៅ​មុខ​រោងចក្រ បង្ការ​ខ្លាច​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញ​ក្រៅ​ដោយ​ពុំ​ព្រម​ទូទាត់​សំណង។

ថៅកែ​រោងចក្រ​ហ្គាវ័ន នៅ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​ប្ដឹង​ទៅ​ក្រសួង​ការងារ ដោយ​ចោទ​សហជីព​ថា ជា​អ្នក​ញុះញង់​ឲ្យ​កម្មករ​តវ៉ា​បិទ​ផ្លូវ និង​ដេក​យាម​នៅ​មុខ​រោងចក្រ។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ថៅកែ​រោងចក្រ​រោងចក្រ​ហ្គាវ័ន អ្នកស្រី ឆា ក្បុងហ៊ី បាន​ចោទ​សហជីព​ស៊ីខៅឌូ ថា បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ដេក​មុន​រោងចក្រ​ទាំង​ថ្ងៃ​ទាំង​យប់។

នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ក្រុម​កម្មករ​រោងចក្រ​ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ និង កម្មករ​នៅ​រោងចក្រ​ហ្វើស ហ្គាវ័ន នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ស្នើ​សុំ​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ទីតាំង​នៅ​ក្រោម​ដើម​ពោធិ៍​មួយ​ដើម មុខ​វត្ត​បទុមវតី។ កម្មករ​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ដែល​កម្មករ​បាន​យក​ញត្តិ​ទៅ​ដាក់ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​មក តែង​តែ​មាន​ក្រុម​ជើងកាង​ទៅ​រំខាន​ដំណេក​របស់​កម្មការិនី​រហូត​ដល់​កម្មការិនី​ខ្លះ បាន​យក​ប្ដី និង​កូន​ទៅ​ជួយ​ដេក​កំដរ​នៅ​ពេល​យប់។

​មន្ត្រី​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ហ្គាវ័ន អាប់ភែរឹល លោក រ៉ាន់ បូរ៉ា ប្រាប់​ថា លោក​តែងតែ​ទៅ​ដេក​កំដរ​ជាមួយ​កម្មករ​នៅ​មុខ​រោងចក្រ នៅ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​ពី​កម្មករ៖ «»។

​កម្មការិនី​រោងចក្រ​ហ្គាវ័ន រំពឹង​លោក​នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​ហ្គាវ័ន ដោះស្រាយ​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ឲ្យ​កម្មករ​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ពួកគេ​អាច​មាន​លទ្ធភាព​បង់​ថ្លៃ​បន្ទប់​ជួល រក​ការងារ​ថ្មី និង​បញ្ឈប់​ការ​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ៕

RFA  ដោយ មាន ឫទ្ធិ

រូបតំណាង

LEAVE A REPLY

Please enter your comment!
Please enter your name here