តុលាការចោទប្រកាន់ប៉ូលិស​បាញ់​ចំ​មនុស្ស​​ស្លាប់​ពេល​បង្ក្រាប​កន្លែង​ជល់​មាន់​​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា

0
176

ប៉ូលិស​ដែល​បាញ់​បុរស​ម្នាក់​ស្លាប់​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់ ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា នៅ​ថ្ងៃ​ទី​២៤ ខែ​មករា នេះ។ ការ​សម្រេច​ចោទ​ប្រកាន់​លើ​មន្ត្រី​ប៉ូលិស​រូប​នេះ ធ្វើ​ឡើង ២​ថ្ងៃ​បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន បញ្ជា​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​នគរបាល​ដែល​បាន​ប្រព្រឹត្ត​កំហុស។

​អ្នកនាំពាក្យ​អយ្យការ​នៃ​សាលាដំបូង​ក្រុង​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម របស់​លោក នៅ​ថ្ងៃ​ទី​២៤ មករា ថា  បន្ទាប់​ពី​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ជនសង្ស័យ​រួច​ហើយ ព្រះរាជអាជ្ញា​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត។ លោក​បញ្ជាក់​ថា ការ​សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ជា​ប៉ូលិស​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​នេះ គឺ​ក្រោយ​ពី​បាន​ពិនិត្យ​ឯកសារ​នៃ​សំណុំរឿង ការ​សាក​សួរ​ចម្លើយ​តាម​នីតិវិធី និង​ការ​ពិនិត្យ​ភស្តុតាង។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​ក្តី​ឃាតកម្ម​ដោយ​អចេតនា​នេះ យល់​ថា ការ​សម្រេច​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​នៅ​ពេល​នេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​ពន្លឺ​យុត្តិធម៌​ដល់​សាច់ញាតិ​ជន​រង​គ្រោះ។  ប៉ុន្តែ​សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​បំបែក​រឿង​អយុត្តិធម៌​ផ្សេង​ទៀត​ដែល​បង្ក​ឡើង​ដោយ​សមត្ថកិច្ច​យក​មក​តុលាការ​ផ្ដន្ទាទោស​ដូច​ករណី​នេះ​ដែរ ព្រោះ​កន្លង​មក​ក៏​មាន​ពលរដ្ឋ​ស្លូតត្រង់​បាត់បង់​ជីវិត ព្រោះ​ការ​ធ្វេសប្រហែស​របស់​ក្រុម​ប៉ូលិស​ពេល​ចុះ​បង្ក្រាប​បទល្មើស​ដែរ។

​អ្នកនាំពាក្យ​សមាគម​​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្ឃឹម​ថា ជនរងគ្រោះ និង​សាច់​ញាតិ​ជនរងគ្រោះ នឹង​ទទួល​បាន​យុត្តិធម៌​ដោយ​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ទទូច​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​មាន​ករណី​ស្រដៀងៗ​គ្នា​នេះ​ដែរ៖ «យើង​គាំទ្រ​ចំពោះ​ចំណាត់​ការ​ផ្លូវ​ច្បាប់ មិន​មែន​ថា​ក្នុង​ករណី​រឿង​នេះ​មួយ​ទេ យើង​ចង់​ឲ្យ​មាន​ចំណាត់​ការ​វិធានការ​បែប​នេះ​លើ​ករណី​ផ្សេង​ទៀត ដើម្បី​ពង្រឹង​នីតិរដ្ឋ ដើម្បី​កុំ​ឲ្យ​ថា​មាន​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហើយ​រួច​ទោស»

ការ​បញ្ជូន​ខ្លួន​ប៉ូលិស​ដែល​ជា​ជនសង្ស័យ​មក​តុលាការ​ក្រុង​ភ្នំពេញ ជា​លើក​ទី​២ នៅ​ពេល​នេះ ក៏​មិន​សូវ​ខុសគ្នា​នឹង​ថ្ងៃ​មុន​ដែរ។ ជនសង្ស័យ​ក្នុង​ករណី​បាញ់​សម្លាប់​មនុស្ស​ដោយ​អចេតនា​រូប​នេះ បាន​ដើរ​ចូល​តុលាការ​ដោយ​ខ្លួន​ឯង ដោយ​ដៃ​ទាំង​ពីរ​មិន​បាន​ជាប់​ខ្នោះ​នោះ​ទេ គឺ​ខុស​ពី​អ្នក​ទោស​នយោបាយ និង​អ្នក​កាសែត ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ខ្នោះ​ដៃ ឬ​ត្រូវ​ដាក់​ខ្នោះដៃ​ដូច​ចង​ស្លាប​សេក​មក​ក្រោយ។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ លោក ចន វិរៈ ពាក់​ស័ក្ដិ​១ ជា​មន្ត្រី​ប៉ូលិស​បម្រើ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ។ លោក​ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​ក្នុង​សំណុំរឿង​ធ្វើ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ សៀក រ៉ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ ស្លាប់ ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស​បាញ់​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ក្រោយ​ផ្សារ​កាណាស៊ីធី នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា កន្លង​ទៅ​ថ្មីៗ​នេះ។

​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា “បទ​មនុស្ស​ឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ដោយ​ការ​ធ្វេសប្រហែស ការ​មិន​ប្រុង​ប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល៕

RFA ដោយ មាន ឫទ្ធិ

LEAVE A REPLY

Please enter your comment!
Please enter your name here