អង្គការ​លើកលែង​ទោស​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ថៃ​កុំ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​

0
470

អង្គការ​លើកលែងទោស​អន្តរជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ កុំ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ និង ម៉ុងតាញ៉ា ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ ព្រោះ​ខ្លាច​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ទាំង​នោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​កាល​ថ្ងៃ​ទី​២៣ ខែ​មករា អង្គការ​លើកលែងទោស​អន្តរជាតិ លើក​យក​ករណី​របស់​ជនជាតិ​ខ្មែរ​ម្នាក់ គឺ​លោកស្រី សំ សុខា និង​ជនជាតិ​ម៉ុងតាញ៉ា ម្នាក់​ឈ្មោះ លោក អា ហ្គា (A Ga) ដែល​ប្រឈមមុខ​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​វិញ។ អ្នក​ទាំង​ពីរ​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា ព្រោះ​ពួកគាត់​ស្នាក់​នៅ​ហួស​ថ្ងៃ​កំណត់​ក្នុង​ទិដ្ឋាការ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា អាជ្ញាធរ​ប្រទេស​កម្ពុជា និង​អាជ្ញាធរ​ប្រទេស​វៀតណាម បាន​ប៉ុនប៉ង​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ថៃ បញ្ជូន​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​វិញ ទោះបីជា​ពួកគាត់​សុទ្ធតែ​ត្រូវ​បាន​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ទទួល​ស្គាល់​ថា ជា​ជនភៀសខ្លួន​រួច​ទៅ​ហើយ​ក្ដី។

លោកស្រី សំ សុខា អាយុ ៣៨​ឆ្នាំ ជា​អ្នក​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ករណី​គប់​ស្បែក​ជើង​លើ​រូប​លោក ហេង សំរិន និង​លោក ហ៊ុន សែន កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​នោះ លោកស្រី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ព្រោះ​រង​ការ​គំរាមកំហែង​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

​ចំណែក​ឯ​លោក អា ហ្គា វិញ ជា​ជនជាតិ​ចារ៉ាយ នៅ​តំបន់​ភ្នំ​ក្នុង​ប្រទេស​វៀតណាម។ គាត់​ជា​គ្រូ​គង្វាល​ខាង​សាសនា​គ្រិស្ត។ លោក អា ហ្គា និង​គ្រួសារ បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ ក្រោយ​ពី​ប៉ូលិស​វៀតណាម តាម​រក​ចាប់​ពួកគាត់​ដល់​ផ្ទះ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ភ្នាក់ងារ​កម្ពុជា វៀតណាម និង ថៃ ដែល​តាមដាន និង​ធ្វើ​ទុក្ខបុកម្នេញ​ជនភៀសខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ និង​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​នេះ​ឈប់​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​បែប​នេះ​ត​ទៅ​ទៀត៕

RFA ដោយ មួង ណារ៉េត

Thailand’s Prime Minister Prayuth Chan-ocha smiles during a welcome luncheon hosted by Japan Business Federation in Tokyo, Monday, Feb. 9, 2015. (AP Photo/Koji Sasahara)

LEAVE A REPLY

Please enter your comment!
Please enter your name here